ធ្វើដំណើរតាមផ្លូវសូមគោរពច្បាប់ចរាចរណ៍បងប្អូន យប់ម៉ិញបុរស២នាក់ជិះម៉ូតូដឹកគ្នា មិនប្រកាន់ស្តាំ ត្រូវរថយន្តបុក បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

បុរស០២នាក់ ជិះម៉ូតូដឹកគ្នាក្នុងទិសដៅពីកើតទៅលិច មិនប្រកាន់ស្តាំ ត្រូវរថយន្ត ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឱ្យបុកស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ ៨៨-៨៩ ចំណុចស្រែពាំង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំ ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសពីរនាក់ ជិះម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចទៅកើត មិនប្រកាន់ស្តាំ មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមាន រថយន្តម៉ាក HYUNDAI COUNTY ពណ៌លឿងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 3B-7723 ឆ្នាំផលិត2000 ចង្កូតឆ្វេងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងទិសដៅបញ្ច្រាសគ្នា ទៅបុកបុរសពីរនាក់ ដែលជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីឃើញហេតុការណ៍គ្រោះថ្នាក់នេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញ បានចុះអន្តរាគមន៍ ដល់កន្លែងកើតហតុ នឹងបានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយកត្តា អ្នកបើកបរម៉ូតូ បើកបរមិនប្រកាន់ស្តាំ និងមិនពាក់មួកសុវត្ថិភាព តុល្យភាពនៃការខូចខាត បណ្តាលឱ្យខូចខាតម៉ូតូ ០១ គ្រឿង រថយន្ត០១ គ្រឿង ស្លាប់មនុស្ស ចំនួន០២ នាក់ប្រុស ។

លោកអធិការបានបន្តថា ជនរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណគឺទី១ ឈ្មោះ លន ពុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ និងទី២ឈ្មោះ ជឹម ជីម ភេទប្រុស អាយុ៤៥ឆ្នាំ ជាអ្នករួមដំណើរ ស្លាប់នៅកន្លែងកើតហេតុដែរ។អ្នកទាំងពីរ មានទីលំនៅ ក្នុងចំណុចកំប៉ង ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ចំពោះអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

បច្ចុប្បន្ន សពជនរងគ្រោះ សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូចំនួន០១ គ្រឿង រថយន្តចំនួន០១គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ជាបណ្តោះអាសន្ន ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២