ឯកឧត្តម សួស យ៉ារ៉ា និងអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋម៉ាល់ឌីវ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដូចជាការតភ្ជាប់គោលដៅទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគជាដើម

ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និង ជាប្រធានសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងឯកឧត្តម ហ៊ូសេន មូហាម៉ាត់ ឡាទីហ្វ អនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋម៉ាល់ឌីវ បានពិភាក្សាគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នា ដូចជាការតភ្ជាប់គោលដៅទេសចរណ៍នៃប្រទេសទាំងពីរ ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរទៅវិញទៅមកលើការអភិរក្សវប្បធម៌ និងធនធានសមុទ្រ រួមគ្នាលើកកម្ពស់សន្តិភាពក្នុងតំបន់និងពិភពលោក មនុស្សធម៌ សន្តិសុខស្បៀង ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ និងអន្តរសភានានា។

ការជួបពិភាក្សាគ្នានេះ នៅក្នុងឱកាសឯកឧត្តម សួស យ៉ារ៉ា អញ្ជើញបំពេញទស្សនកិច្ចការងារ និងបានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ឯកឧត្តមបណ្ឌិត មូហាម៉ាត់ មុយស៊ូ (Mohamed Muizzu) ជាប្រធានាធិបតីថ្មី និងឯកឧត្តម ហ៊ូសេន មូហាម៉ាត់ ឡាទីហ្វ (Hussain Mohamed Latheef) ជាអនុប្រធានាធិបតីថ្មី នៅរដ្ឋធានីម៉ាល់នៃសាធារណរដ្ឋម៉ាល់ឌីវពីថ្ងៃទី១៦-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ការិយាល័យប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋម៉ាល់ឌីវ ។

ក្នុងឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា បានពាំនាំនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះឯកឧត្តមប្រធានាធិបតី និងអនុប្រធានាធិបតី។

ក្នុងជំនួបពិភាក្សាការងារដោយឡែកជាមួយ ឯកឧត្តមអនុប្រធានាធិបតី ហ៊ូសេន មូហាម៉ាត់ ឡាទីហ្វ។ ឯកឧត្តម បានលើកឡើងអំពីទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រទេសម៉ាល់ឌីវកាលពីខែមករា ឆ្នាំ២០២៣ និងបានថ្លែងអំណរគុណ សម្តេចតេជោ ដែលបានជ្រើសរើសផ្លូវមួយខ្សែនៅខេត្តព្រះសីហនុដាក់ឈ្មោះថា «ផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ» សម្រាប់អបអរខួបលើកទី៣០ឆ្នាំនៃចំណងការទូតប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិភាក្សាលើ ការជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នា ដូចជាការតភ្ជាប់គោលដៅទេសចរណ៍នៃប្រទេសទាំងពីរ ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរទៅវិញទៅមកលើការអភិរក្សវប្បធម៌និងធនធានសមុទ្រ រួមគ្នាលើកកម្ពស់សន្តិភាពក្នុងតំបន់និងពិភពលោក មនុស្សធម៌ សន្តិសុខស្បៀង ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ និងអន្តរសភានានា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាល់ចាវ៉ាន់ (Ahmed Bin Mohammad Al-Jarwan) ប្រធានក្រុមប្រឹក្សាសកលដើម្បីសន្តិភាព និងភាពអត់ឱន (GCTP) នៃអារ៉ាប់រួមអេមីរ៉ាត លើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា ដោយផ្តោតលើការត្រៀមរៀបចំមហាសន្និបាតសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព នៅខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ដោយកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ ដើម្បីពិនិត្យបង្កើតគោលការណ៍នៃកិច្ចសហប្រតិបត្តិការសន្តិភាពសកលគឺមិនយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២