បុរសម្នាក់បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តចតនៅចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈពេលបើកម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តមិនស្គាល់ម៉ាក ពីក្រោយបណ្តាលឲ្យដួលបោកក្បាលនឹងផ្លូវ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ឈុន នី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិច្រកព្រាល  ឃុំភក្កី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។តាមប្រភពព័ត៌មានពីបុរសម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឃើញបុរសរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌សខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ 1B-0575 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងមកត្បូង ខណៈបើកមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ដែលចតនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង ក្រោយមកក៏មានប្រជាពលរដ្ឋរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលដ្ឋានខណ្ឌកំបូល ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

 

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២