អ្នកដើរពេលយប់សូមប្រយ័ត្នប្រយែងផង យប់ម៉ិញមានជនសង្ស័យមួយក្រុមធាក់ប្លន់យកម៉ូតូ ពីយុវជនម្នាក់នៅត្រង់ចំណុចមុខវត្តឫស្សីសាញ់ សង្កាត់ព្រៃស

ភ្នំពេញ៖ យុវជនម្នាក់ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនបានជិះម៉ូតូមួយគ្រឿងចេញពីធ្វើការត្រឡប់ទៅផ្ទះវិញត្រូវបានក្រុមជនសង្ស័យមួយក្រុមជិះម៉ូតូពីរគ្រឿងធ្វើសកម្មភាពធាក់ផ្តួល និងដកកាំបិតគំរាមកាប់ ប្លន់យកម៉ូតូ ជិះគេចខ្លួនបាត់ស្រមោល ។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៦ និង៤០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣  នៅត្រង់ចំណុចមុខវត្តឫស្សីសាញ់ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមសម្ដីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើកម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខភ្នំពេញ1KH-1465 ចេញពីធ្វើការនៅម្ដុំផ្សារឈូកមាសក្នុងគោលបំណងទៅផ្ទះនៅម្ដុំចំការដូង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្រុមជនសង្ស័យ៤នាក់ជិះម៉ូតូ ពីរគ្រឿងបានមកធ្វើសកម្មភាពធាក់ផ្តួលម៉ូតូគាត់ឱ្យដួលរួចបក្ខពួកជនសង្ស័យបានលើកម៉ូតូជិះគេចខ្លួនបាត់។ជនរងគ្រោះបានបន្តទៀតថា ភ្លាមៗនោះជនសង្ស័យក៏បានជិះទៅបុកខឿនផ្លូវបណ្ដាលឱ្យដួល ឃើញដូច្នេះរូបគាត់ក៏រត់ទៅបម្រុងយកម៉ូតូរបស់ខ្លួនមកវិញ  ស្រាប់តែក្រុមជនសង្ស័យបានទាញកាំបិតបុ័ងតោដេញគំរាមកាប់មកលើរូបគាត់ធ្វើឱ្យរូបគាត់ភ័យស្លន់ស្លោរត់យករួចខ្លួន ហើយជនសង្ស័យលើកម៉ូតូជិះគេចខ្លួនទៅបាត់។

បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកក្រុមជនសង្ស័យយកមកផ្ដន្ទាទោស៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២