ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានបេ្តជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព  នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ  បានបេ្តជ្ញាចិត្តថា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរ០ណ្ឌូនេស៊ីនិងកម្ពុជាឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន នឹងខិតខំបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរផងដែរ។ ការលើកឡើងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបេ្តជ្ញាចិត្តថា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន ០៣គឺ៖ ១.វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។ ២.ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ៣.ការគាំពារប្រជាជនឥណ្ឌូណេស៊ីរស់នៅប្រទេសកម្ពុជា។ ក្រៅនេះ ឯកឧត្តមនឹងខិតខំបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរផងដែរ។

ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជឿជាក់ថា ក្នុងអាណតិ្តបេសសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅកម្ពុជា ឯកឧត្តមនឹងបន្តថែរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ព្រមទាំងនឹងខិតខំជំរុញបន្ថែមទៀត នូវទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរជាងនេះទៀត ដើម្បីនាំមកនូវគុណប្រយោជន៍ដល់ប្រជាជនទាំងពីរទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

ក្នុងនាមខ្លួនសម្តេចផ្ទាល់ ក៏ដូចជាព្រឹទ្ធសភា បានត្រៀមលក្ខណៈបន្តកិច្ចសហប្រតិបត្តិការដ៏ជិតស្និតនេះជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២