អាល្លឺម៉ង់​សន្យា​ផ្តល់​កញ្ចប់​ជំនួយ​យោធា​ជាង១,៤ ពាន់​លាន​ដុល្លារបន្ថែមទៀត​ដល់​អ៊ុយក្រែន

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បាននិយាយនៅអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Kyiv នៅថ្ងៃទី 21 ខែវិច្ឆិកាម្សិលម៉ិញនេះថា ប្រទេសអាល្លឺម៉ង់នឹងផ្តល់កញ្ចប់ជំនួយយោធាមួយផ្សេងទៀតដល់អ៊ុយក្រែនដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា 1.3 ពាន់លានអឺរ៉ូ (1.42 ពាន់លានដុល្លារ) ។ លោក Pistorius បាននិយាយក្នុងអំឡុងសន្និសីទកាសែតជាមួយសមភាគីអ៊ុយក្រែនរបស់គាត់ឈ្មោះ Rustem Umerov ថា កញ្ចប់ជំនួយនេះនឹងរួមបញ្ចូលប្រព័ន្ធការពារដែនអាកាស IRIS-T SLM ចំនួន 4 គ្រាប់ និងគ្រាប់មីនប្រឆាំងរថក្រោះផងដែរ។

លោក Pistorius បានធ្វើអត្ថាធិប្បាយថា “ខ្ញុំប្រាកដថានេះនឹងជួយអ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់បានកត់សម្គាល់ថា គ្រាប់កាំភ្លើងធំមានចំនួន 140,000 គ្រាប់ (155 មីលីម៉ែត្រ) ដែលអាឡឺម៉ង់បានសន្យាថា នឹងផ្តល់ឱ្យនៅឆ្នាំ 2024 ។

លោក Pistorius បានមកដល់ទីក្រុង Kyiv នៅមុនថ្ងៃទី 21 ខែវិច្ឆិកាសម្រាប់ខួបលើកទី 10 នៃបដិវត្ត EuroMaidan ដោយបានជួបទាំង Umerov និងប្រធានាធិបតី Volodymyr Zelenskyផងដែរ ។

យោងតាម ​​AFP គោលបំណងចម្បងនៃការធ្វើដំណើរទស្សនកិច្ចនេះគឺដើម្បីពិភាក្សាអំពីកម្មវិធីហ្វឹកហ្វឺនសម្រាប់ទាហានអ៊ុយក្រែន ក៏ដូចជាជំនួយយោធាបន្តរបស់អាល្លឺម៉ង់សម្រាប់អ៊ុយក្រែន។

កាលពីដើមខែវិច្ឆិកា លោក Pistorius បានបញ្ជាក់អំពីផែនការរបស់ទីក្រុងប៊ែកឡាំង ក្នុងការផ្តល់ជំនួយផ្នែកយោធាទ្វេរដងសម្រាប់អ៊ុយក្រែនក្នុងឆ្នាំបន្ទាប់ រហូតដល់ប្រហែល 8.5 ពាន់លានដុល្លារ។

រហូតមកដល់ពេលនេះ ប្រទេសអាឡឺម៉ង់បានផ្តល់ប្រព័ន្ធការពារដែនអាកាស IRIS-T SLM ចំនួនបីគ្រឿងដល់អ៊ុយក្រែន ដែលមានសារៈសំខាន់ជាពិសេសនៅពេលនេះ ខណៈដែលប្រទេសនេះត្រៀមសម្រាប់ការវាយប្រហារកាន់តែខ្លាំងពីរុស្ស៊ីនៅក្នុងរដូវរងារខាងមុខនេះ៕

ប្រភព៖ The Kyiv Independent

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២