ត្រៀមរួចហើយ បន្ទប់ទឹក និងបង្គន់អនាម័យជិត៦០០បន្ទប់ សម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋមកទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ

​ រាជធានីភ្នំពេញ៖ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹ្ជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា មកដល់ពេលនេះ រាជធានីភ្នំពេញ បានតុបតែងកែលម្អរ សម្រេចបានជាង៩០ភាគរយហើយ ក្នុងនោះ ត្រៀមកំលាំងតុបតែងភ្លើង ត្រៀមកម្លាំងបោសសំអាតជាង៣០០នាក់ ដោយចាប់ពីម៉ោង១១យប់ ដល់៦ព្រឹក បានរៀបចំបន្ទប់ទឹកបង្គន់អនាម័យចំនួន ៥៦៧បន្ទប់ ទាំងបង្គន់សាធារណៈ និងសម្រាប់កីឡាករ សម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋមកកម្សាន្តក្នុងរាជធានីភ្នំពេញនាពេលបុណ្យអុំទូកឆាប់ៗនេះ ។

លោក សាំ ពិសិដ្ឋ បានលើកឡើកបែបនេះ នៅក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក នៅសាលារជធានីភ្នំពេញព្រឹកថ្ងៃទី២២ វិច្ឆិកា២០២៣នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីពាក់ពន្ធ័សំខាន់ៗក្រោមឱវ៉ាទជាច្រើនរូបទៀត ។

តាមគម្រោងព្រះរាជពិធីឆ្នាំនេះនឹងមាន ទូក ង ចូលរួមប្រណាំងប្រមាណជាង៣០០ទូក ក្នុងនោះរាជធានីភ្នំពេញមានប្រមាណជាង៤០ទូក មានកីឡាករ កីឡាការិនីចំណុះទូកប្រមាណជិត២ម៉ឺននាក់និងមានប្រទីពចូលរួមប្រមាណជាង៣០ប្រទីព។

ចំពោះទីតាំងសម្រាប់ការស្នាក់នៅរបស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា២ទីតាំង ក្នុងនោះ នៅអតីតៈឃ្លាំងសាំងក្នុងខណ្ឌឬស្សីកែវមួយទីតាំង និងនៅខាងកើតទន្លេសាបក្នុងដីអភិវឌ្ឍន៍OCICខាងជើងរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វារមួយទីតាំងទៀត ហើយទីតាំងទាំង២នេះនឹងការរៀបចំបណ្តាញទឹក ភ្លើង និងបង្គន់អនាម័យយ៉ាងល្អប្រសើរផងដែរ៕

      
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២