ឧបនាយករដ្ឋមន្រ្តីប្រចាំការ ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  

(ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និង​ការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​​ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងមកពីក្រសួងស្ថាប័ននានា។កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំអន្តរក្រសួងបានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និង​ការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមាន ៨ ជំពូក និង ២៤ មាត្រា ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​​។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ តំណាងក្រសួងស្ថាប័ននានា ដែលបានរួមចូលលើកិច្ចពិភាក្សា និងបានផ្ដល់ជាមតិល្អៗ ដើម្បីឲ្យសេចក្តី ព្រាងព្រះរាជក្រឹត្យនេះ កាន់តែមានគុណភាព ប្រសិទ្ធភាព និងសង្គតិភាព ព្រមទាំង​អាច​ឆ្លើយតបបាន ទៅ នឹងសំណូមពរការងារ ដើម្បីជំរុញការទាក់ទាញ និងលើកកម្ពស់ការវិនិយោគ សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ផងដែរថា យោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើ​ដោយព្រះរាជក្រមលេខ នស/រកម/២០២១/០១៤ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ជាស្ថាប័នប្រតិបត្តិបំពេញមុខងារជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស៕

  
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២