បទ​ឈប់​បាញ់រវាង​អ៊ីស្រាអែល​ និងក្រុម​ហាម៉ាសបាន​ចាប់​ផ្តើម ហើយចំណាប់​ខ្មាំង​នឹងត្រូវ​ដោះ​លែងនាល្ងាចនេះ

បទឈប់បាញ់រយៈពេល 4ថ្ងៃ នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានចាប់ផ្តើមនាព្រឹកថ្ងៃសុក្រនេះ ដោយចំណាប់ខ្មាំងនឹងត្រូវដោះលែងជាថ្នូរនឹងអ្នកទោស ក្នុងការបន្ធូរបន្ថយនូវភាពតានតឹងដ៏សំខាន់លើកដំបូងនៅក្នុងសង្គ្រាមរយៈពេលប្រាំពីរសប្តាហ៍ ដែលបានឆក់យកជីវិតមនុស្សជាង១ម៉ឺននាក់។

ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងបទឈប់បាញ់ និងការបញ្ឈប់ការបំផ្ទុះគ្រាប់បែកចាប់ពីម៉ោង 7:00 ព្រឹកថ្ងៃសុក្រទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ នៅក្នុងជម្លោះមួយដែលបានផ្ទុះឡើង បន្ទាប់ពីការវាយឆ្មក់ដ៏សាហាវរបស់ពួកហាម៉ាសចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី 7 ខែតុលាកន្លងទៅ។

 

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ស្ត្រី និងកុមារចំនួន 13 នាក់ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងនៅហ្គាហ្សានឹងត្រូវដោះលែងនៅម៉ោង 4:00 ល្ងាចនេះ បន្ទាប់មកអ្នកទោសប៉ាឡេស្ទីនជាច្រើននាក់មកពីពន្ធនាគារអ៊ីស្រាអែលក៏នឹងត្រូវដោះលែងនាល្ងាចនេះផងដែរ។ នេះបើយោងតាមអ្នកសម្របសម្រួលកាតា។

 

ក្នុងរយៈពេល 4 ថ្ងៃ យ៉ាងហោចណាស់ចំណាប់ខ្មាំង 50 នាក់ត្រូវបានគេរំពឹងថានឹងត្រូវបានដោះលែងដោយបន្សល់ទុក 190 នាក់នៅក្នុងដៃរបស់យុទ្ធជនប៉ាឡេស្ទីន។ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនចំនួន 150 នាក់ត្រូវបានគេរំពឹងថានឹងត្រូវដោះលែង។

មេដឹកនាំក្រុមហាម៉ាសបាននិយាយថា រហូតមកដល់ពេលនេះសង្រ្គាមបានសម្លាប់មនុស្សប្រហែល 15,000 នាក់ និងបានជម្លៀសខ្លួនជាច្រើនរាប់មិនអស់។នៅពេលព្រឹកព្រលឹមថ្ងៃនេះ មនុស្សរាប់ពាន់នាក់ដែលបានភៀសខ្លួនទៅកាន់តំបន់ក្បែរព្រំដែនហ្គាហ្សាជាមួយអេហ្ស៊ីប កំពុងរៀបចំខ្លួនត្រឡប់ទៅភូមិរបស់ពួកគេវិញ។ទោះបីជាយ៉ាងណាក៏ដោយ យន្តហោះចម្បាំងអ៊ីស្រាអែល លើតំបន់ហ្គាហ្សាភាគខាងត្បូង បានទម្លាក់ខិត្តប័ណ្ណព្រមានប្រជាជនកុំឱ្យត្រឡប់ទៅភាគខាងជើងវិញ។

 

ខិត្តប័ណ្ណបានសរសេរថា “សង្រ្គាមមិនទាន់ចប់ទេ” ។ “កុំត្រឡប់​ទៅ​ទិស​ខាងជើង​វិញ អាចប្រឈមនឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់!!!”។

 

យោធាអ៊ីស្រាអែលបាននិយាយថា ប្រហែល 15 នាទីបន្ទាប់ពីបទឈប់បាញ់បានចាប់ផ្តើម ស៊ីរ៉ែនព្រមានអំពីគ្រាប់រ៉ុក្កែតចូលបានបន្លឺឡើងនៅក្នុងសហគមន៍ជាច្រើននៅតាមបណ្តោយព្រំដែនរបស់អ៊ីស្រាអែលជាមួយតំបន់ហ្គាហ្សា៕

 

មន្ត្រីកាតា ដែលជាក្រុមសម្របសម្រួលនោះបាននិយាយថា ក្រុមទីមួយ នៃចំណាប់ខ្មាំង 13 នាក់ដែលត្រូវបានដោះលែងគឺមានស្ត្រី និងកុមារមកពីគ្រួសារតែមួយ។

 

ថ្លែងទៅកាន់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីក្រុមហាម៉ាសម្នាក់បាននិយាយថា ចំណាប់ខ្មាំងនឹងត្រូវបានដោះលែង “នៅម៉ោង 4:00 ល្ងាចនៅពេលចុងក្រោយ” ។

ក្រុមអ្នកជំនាញ និងគ្រូពេទ្យរបួសអ៊ីស្រាអែលកំពុងរង់ចាំពួកគេ រួមជាមួយនឹងទាហានដែលបានទទួលការបណ្តុះបណ្តាលពិសេស ដែលយោងទៅតាមការណែនាំនឹងសន្យាថានឹងរក្សាពួកគេឱ្យមានសុវត្ថិភាព។

 

ប្រភពពីសន្តិសុខអេហ្ស៊ីបបានប្រាប់ AFP ថា មន្ត្រីសន្តិសុខអ៊ីស្រាអែល បុគ្គលិកកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ និងក្រុមអេហ្ស៊ីបនឹងដាក់ពង្រាយទៅកាន់ Rafah នៅព្រំដែនអេហ្ស៊ីប-ហ្គាហ្សា ដើម្បីទទួលចំណាប់ខ្មាំង ដែលបន្ទាប់មកនឹងត្រូវហោះហើរទៅកាន់អ៊ីស្រាអែល៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២