ក្នុងព្រះ​រាជពិធីបុណ្យអុំទូក រយៈពេល៤ថ្ងៃនៅរាជាធានីភ្នំពេញ ប្រជាពលរដ្ឋ​ជិត១ម៉ឺន​នាក់​បានទទួល​សេវា​ពិនិត្យ​ និង​ព្យាបាល​ជំងឺ

រាជធានីភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់រយៈពេល៤ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញឆ្នាំ២០២៣ ដោយគិតចាប់ពីម៉ោង៥ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ដល់ម៉ោង៧ព្រឹកថ្ងៃទី២៩ខែវិច្ឆិកានេះ មានមហាជនដែលបានចូលរួម ហើយមានអាការៈ ឈឺក្បាល វិលមុខ ចុកពោះ គ្រុនក្តៅផ្តាសាយ ឈឺភ្នែក អស់ កម្លាំង និង រាគមួលផ្សេងៗ ដែលបានចូលពិនិត្យ និងទទួលសេវា ពិនិត្យ និងព្យាបាលមានចំនួន ៩៩៥៩នាក់ ប្រុស៨០៣៣នាក់ ស្រី ១៩២៦នាក់ ។

លោកបានបន្តថា ក្នុងចំណោម៩៩៥៩នាក់នេះ មានផ្តាសាយហៀរសំបោ២៨១១នាក់ គ្រុនក្តៅ១២៤៤នាក់ ឈឺក្បាល១៦៤៣នាក់ ចុកពោះរាគ១៤០៤នាក់ រាគមួលឈាម ២៣នាក់ លើសឈាម២៣២នាក់ ឈឺភ្នែក៩៩នាក់ អស់កម្លាំង៨២៨នាក់ ខ្យល់ចាប់៥០នាក់ សង្គ្រោះបឋម២៤នាក់ របួស១៣៨នាក់ ការបញ្ជូនជំងឺ១០នាក់ និងបញ្ហាផ្សេងៗមានចំនួន១៤៥៣នាក់ផងដែរ ។

លោកវេជ្ជបណ្ឌិត ងី មានហេង បានឱ្យដឹងទៀតថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យរបស់ មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានសហការជាមួយក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល បានត្រៀមសរុបជាង២ពាន់នាក់ និងរថយន្តសង្គ្រោះតាមគោលដៅចំនួន៧០គ្រឿង រថយន្តគ្លីនិកចល័តចំនួន៤គ្រឿង ផ្តល់សេវា២៤ម៉ោង និងបោះតង់ពិនិត្យសុខភាពសេវា២៤ម៉ោងចំនួន១៥កន្លែង ផ្សេងៗគ្នានៅតាមទីតាំងកំណត់ដូចជា ១ រថយន្តគ្លីនិកចល័ត ៤ គ្រឿង នៅទីតាំងបរិវេណរង្វង់មូលនាងមច្ឆាមណ្ឌល OCIC នៅទីតាំងជ្រោយ ចង្វា នៅទីតាំងសួនច្បារ ជិតស្ពានបាឡេចាស់ និងនៅទីតាំងវត្តភ្នំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២