អ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន 30 នាក់ នៅក្នុងកិច្ចព្រមព្រៀងដោះដូរចុងក្រោយ ជាមួយក្រុមហាម៉ាស

អ៊ីស្រាអែលបានដោះលែងជនជាតិប៉ាឡេស្ទីនចំនួន30 នាក់កាលពីថ្ងៃអង្គារម្សិលម៉ិញនេះ នៅក្នុងកិច្ចព្រមព្រៀងផ្លាស់ប្តូរចុងក្រោយជាមួយក្រុមហាម៉ាស។អ្នកឆ្លើយឆ្លងព័ត៌មាន Anadolu បានរាយការណ៍ថា រថយន្តក្រុងកាកបាទក្រហមមួយគ្រឿងបានចាកចេញពីពន្ធនាគារយោធា Ofer របស់អ៊ីស្រាអែលនៅក្នុងទីក្រុង Beitonia ក្បែរទីក្រុង Ramallah ក្នុងតំបន់ West Bank ដោយបានដឹកស្ត្រីចំនួន 15 នាក់ និងកុមារចំនួន 15 នាក់ ។

នៅព្រឹកថ្ងៃដដែល ក្រុមហាម៉ាស់បានផ្សព្វផ្សាយឈ្មោះអ្នកទោសប៉ាឡេស្ទីន ដែលនឹងត្រូវដោះលែងជាផ្នែកនៃកិច្ចព្រមព្រៀងដោះដូររវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។

 

បញ្ជីនេះរួមមានឈ្មោះកុមារចំនួន ១៥ នាក់ (១២ នាក់មកពីក្រុងយេរូសាឡឹម និង ៣ នាក់មកពីតំបន់ West Bank) និងស្ត្រីចំនួន ១៥ នាក់ (៥ នាក់មកពីក្រុងយេរូសាឡឹម និង ១០ នាក់មកពីតំបន់ West Bank) ។

 

កងទ័ពអ៊ីស្រាអែលបានរាយការណ៍កាលពីព្រឹកថ្ងៃអង្គារអំពីការមកដល់នៃចំណាប់ខ្មាំង 12 នាក់ពីតំបន់ហ្គាហ្សាស្ទ្រីបក្នុងនោះមានជនជាតិអ៊ីស្រាអែលចំនួន 10 នាក់ និងជនជាតិថៃពីរនាក់។

បញ្ជីនេះបង្កើតជាក្រុមទីប្រាំនៃអ្នកទោសប៉ាឡេស្ទីន ដែលត្រូវបានដោះលែងពីពន្ធនាគារអ៊ីស្រាអែល ក្រោមការផ្អាកមនុស្សធម៌ក្នុងការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស និងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។

 

ប្រទេសកាតាបានប្រកាសកិច្ចព្រមព្រៀងមួយកាលពីល្ងាចថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដើម្បីបន្តការផ្អាករយៈពេល 4 ថ្ងៃដំបូងសម្រាប់រយៈពេល 2 ថ្ងៃបន្ថែមទៀត ដែលក្នុងនោះការផ្លាស់ប្តូរអ្នកទោសបន្ថែមទៀតនឹងត្រូវបានអនុវត្ត។

អ៊ីស្រាអែល​បាន​បើក​យុទ្ធនាការ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ហ្គាហ្សា​ស្ទ្រីប​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ឆ្លង​ព្រំដែន ​ដោយ​ក្រុម​ហាម៉ាស​កាលពី​ថ្ងៃ​ទី ៧ ខែតុលា។ចាប់តាំងពីពេលនោះមក ការប្រយុទ្ធគ្នាបានសម្លាប់មនុស្សជាង 15.000 នាក់ រួមទាំងកុមារ 6.150 នាក់ និងស្ត្រី 4.000នាក់។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលនៅក្នុងតំបន់នោះ។

ចំនួន​អ្នក​ស្លាប់​ជា​ផ្លូវការ​របស់​អ៊ីស្រាអែល​បានកើនឡើងរហូត​ដល់​ទៅ ១.២០០​នាក់៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២