បុរសម្នាក់ជិះម៉ូតូបម្រុងទៅហាត់ប្រាណនៅស្ពានកោះនរា តែជាអកុសលត្រូវរថយន្តបុកស្លាប់ទាំងព្រឹកព្រលឹម

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈបើកម៉ូតូចេញពីផ្ទះបម្រុងទៅហែលទឹកហាត់ប្រាណ នៅកោះនរា ត្រូវរថយន្តមិនចាំម៉ាកបុកពេញទំហឹង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅគល់ស្ពានកោះនរាប៉ែកខាងលិច ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ចាន់ប៉េង លាង  អាយុ៥៩ឆ្នាំ មុខរបរលក់គ្រឿងសក្ការៈ បូជា មានទីលំនៅភូមិសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូមួយគ្រឿងម៉ាកហុងដា គុបសេរី ចាស់គ្មានស្លាកលេខ ធ្វើដំណើរចេញពីផ្ទះបម្រុងទៅហាត់ប្រាណនៅកោះនរា ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង មិនចាំម៉ាក និងស្លាកលេខ ធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងវាស់វែង និងឆែកតាមកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរករថយន្តបង្ក និងអ្នកបើកបរយកមកផ្តន្ទាទោស តាមផ្លូវច្បាប់នៅពេលក្រោយ។

ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ សាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២