ក្រុមហ៊ុនថ្មីចំនួន៧ គ្រោងបោះទុនសរុបជាង៣២លានដុល្លារដើម្បីធ្វើការវិនិយោគទៅតាមវិស័យផ្សេងៗគ្នា ជាមួយនឹងការបង្កើតការងារជូនពលរដ្ឋធ្វើបានរាប់ពាន់កន្លែង

តាមសំណើរសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៧ ដែលមានគម្រោងវិនិយោគទៅតាមវិស័យផ្សេងៗគ្នាមានទំហំទឹកប្រាក់សរុបប្រមាណជា ៣២,៩លានដុល្លារ និងអាចបង្កើតការងារជូនពលរដ្ឋធ្វើបានរាប់ពាន់កន្លែង។

ក្រុមហ៊ុនទាំង៧ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ទើបសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូននោះ រួមមាន៖

១- ក្រុមហ៊ុន“ Justmarvelous Co., Ltd.”មានគម្រោងវិនិយោគបង្កើតរោងចក្រផលិតក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២៦កន្លែង។

 

២- “ក្រុមហ៊ុន Vacation Industry Co., Ltd.” មានគម្រោងវិនិយោគបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ (Waterproof Storage Bag, Backpack Bag, Cooler Bag) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៤៥ កន្លែង។

៣- “ក្រុមហ៊ុន Star United Christmas Decoration Co., Ltd.” មានគម្រោងវិនិយោគបង្កើតរោងចក្រផលិត ដើមគ្រីស្មាស់ និងសម្ភារៈលំអដើមគ្រីស្មាស់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៦លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ៥៣៦ កន្លែង។

 

៤- “ក្រុមហ៊ុន CH Lighting Tree Co., Ltd.”មានគម្រោង វិនិយោគបង្កើតរោងចក្រផលិតដើមណូអែល អំពូលភ្លើងលម្អដើមណូអែល សម្ភារៈតុបតែងលម្អដើមណូអែល និងវត្ថុអនុស្សាវរីយ៍ ដែលមានទីតាំង វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥០០កន្លែង។

៥- “ក្រុមហ៊ុន Kamelun Wood Co., Ltd.” មានគម្រោងវិនិយោគបង្កើតរោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ គ្រឿងតុបតែងពីឈើ និងគ្រឿងសង្ហារិមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៣លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួន ២១៣កន្លែង។

៦- “ក្រុមហ៊ុន Angel Wood (Cambodia) Co., Ltd.”មានគម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតផលឈើ (ក្តារប៉ាកេ ក្តារបន្ទះ និងក្តារផ្សេងៗ) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១,៤លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានចំនួន ៣២០កន្លែង។

៧- “ក្រុមហ៊ុន Glorious Building Material (Cambodia) Co., Ltd.”មានគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ុមទ្វារ ស៊ុមបង្អួច និងជ្រីធ្វើអំពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ១,២លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួន ៣៣០កន្លែង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២