សមត្ថកិច្ចបង្ក្រាបរថយន្តដឹកទារស់ជាង២៥០០ក្បាលពីប្រទេសវៀតណាម បម្រុងចូលមកលក់ និងចែកចាយនៅរាជធានីភ្នំពេញដោយខុសច្បាប់

នៅវេលាម៉ោង២០ និង០២នាទី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ យប់ម៉ិញនេះ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះស្ទាក់ចាប់រថយន្ត១គ្រឿង ម៉ាកHYUNDIA ជាប្រភេទរថយន្តដឹកទំនិញចំណុះ ១.៥តោន ស្លាកលេខភ្នំពេញ3E-0042 ពណ៌ស ដឹកសត្វទារស់ចំនួន២៥០០ ក្បាល ឃាត់នៅលើផ្លូវជាតិលេខ៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខាងមុខបុរីឌឹផ្លរ៉ា(The flora)។

រថយន្តខាងលើនេះ បានដឹកសត្វទារស់មកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងគោលបំណងឆ្ពោះមកលក់ចែកចាយនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ(នេះបើតាមការឆ្លើយបញ្ជាក់ពីម្ចាស់រថយន្តដឹកទា)ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្តទៀត៕

    
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២