កម្លាំងអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វាចុះឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្ស

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វាបានបាញ់ការពារខ្លួនជាច្រើនគ្រាប់ បន្ទាប់ពីចូលទៅឡោមព័ទ្ធផ្ទះវីឡាមួយកន្លែង និងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ សុទ្ធសឹងជាជនបរទេស យកទៅសួរនាំក្នុងករណីចាប់បង្ខាំងមនុស្ស។

ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើនេះដែរ ធ្វើឡើងនៅវេលាម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅចំណុច ផ្ទះលេខ ១៣១G ផ្លូវ កែវចិន្ដា ក្រុម៨ ភូមិ៣ សង្កាត់ជ្រោយសង្វារ ខណ្ឌជ្រោយសង្វារ រាជធានីភ្នំពេញ ។ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចអាវុធហត្ថ បានឲ្យដឹងថា ក្នុងករណីប្រតិបត្តិការចុះបង្រ្កាបខាងលើនេះ ដោយបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ថាមានជនបរទេសមួយក្រុមមានប្រុស និងស្រី បានចាប់បង្ខាំមនុស្សនៅខាងក្នុងផ្ទះវីឡាមួយ តាមបណ្តាយផ្លូវកែវចិន្តា ជាប់នឹងអាគារខ្ពស់មួយកន្លែង។

ក្រោយពីសមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះរួច លុះមកដល់ម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០១ខែធ្នូ សមត្ថកិច្ចរួមទាំងអាវុធហត្ថខណ្ឌជ្រោយចង្វាបានសហការជាមួយនឹងខាងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះមកឡោមព័ទ្ធនៅទីតាំងផ្ទះវីឡាមួយនោះ និងបានផ្ទុះអាវុធជាច្រើនគ្រាប់ បង្ក្រាបជាក់ស្តែងឃាត់ខ្លួនបានជនសង្ស័យចំនួន 13នាក់ ជនជាតិបង់ក្លាដេស 12នាក់ប្រុស ជនជាតិខ្មែរ 01 នាក់ស្រី បានរំដោះជនរងគ្រោះចំនួន 02 នាក់ ប្រុសជាជនជាតិចិន ។

បច្ចុប្បន្ន ជនសង្ស័យទាំង 13 នាក់ និង ជនរងគ្រោះ02នាក់ត្រូវបានបញ្ជូនទៅអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឃុំខ្លួនជាបណ្ដោះអាសន្ន និងសាកសួរបន្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕

   

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២