សម្តេចធិបតី ហ៊ុន ម៉ាណែត :៖ ទោះបីពិភព​លោក​បច្ចុប្បន្នមិនអាចយកឈ្នះធម្មជាតិ តែធម្មជាតិក៏មិនអាចបន្ទច់បង្អាក់ការងាររបស់រាជរដ្ឋាភិបាលកម្ពុជាបាននោះឡើយ

ភ្នំពេញ៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ទោះបីពិភពលោកបច្ចុប្បន្នមិនអាចយកឈ្នះធម្មជាតិ តែធម្មជាតិក៏មិនអាចបន្ទច់បង្អាក់ការងាររបស់រាជរដ្ឋាភិបាលកម្ពុជាបាននោះឡើយ។​ យើងត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាពទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីវិស័យទេសចរណ៍ បើគ្មានសន្តិភាព គ្មានឡើងការមកលេងខេត្តកែបនោះទេ។ការបញ្ជាក់បែបនេះ​ ធ្វើឡើងនៅក្នុងពិធីបិទ​ “បុណ្យសមុទ្រលេីកទី១០​”​ ក្រោមប្រធានបទ​ “ទាំងអស់គ្នាដើម្បីទេសចរណ៍” នៅក្រុងកែប ខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នេះជាលើកទី១ ដែលសម្តេចបានអញ្ជើញចូលរួមពិធីបុណ្យសមុទ្រ ហើយអញ្ជើញទាំងបើក និងបិទ។ សម្តេចធិបតីបានអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំពិធីបុណ្យសមុទ្រនៅខេត្តកែប ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។ សម្តេចបន្តថា ទោះបីពិភពលោកបច្ចុប្បន្នមិនអាចយកឈ្នះធម្មជាតិ តែធម្មជាតិក៏មិនអាចបន្ទច់បង្អាក់ការងាររបស់រាជរដ្ឋាភិបាលកម្ពុជាបាននោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍ទៀតថា ក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ ការរៀបចំស្តង់ពិព័រណ៍រហូតដល់ទៅ៥០០ ដែលចំនួននេះបំបែកឯតទគ្គកម្មពិធីបុណ្យសមុទ្រនាពេលមុន។​ សម្តេចបន្តថា ក្រោយការយកឈ្នះលើជំងឺកូវីដ១៩ បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញហើយ។ វិស័យទេសចរណ៍ត្រូវគិតនៅគ្រប់ទីកន្លែង ហើយមិនត្រូវគិតតែអ្នកទេសចរក្រៅប្រទេសនោះទេ ត្រូវគិតពីអ្នកទេសចរក្នុងប្រទេសផងដែរ។

សម្តេចធិបតី បានថ្លែងថា ការផ្សព្វផ្សាយកម្ពុជាទៅកាន់ឆាកអន្តរជាតិ ជារឿងសំខាន់ណាស់ ដើម្បីទាក់ទាញទេសចរណ៍មកកាន់កម្ពុជា។សម្តេចធិបតី បានថ្លែងថា ការអភិវឌ្ឍន៍ខេត្តកែប គឺជាការផ្តល់ផលប្រយោជន៍ជូនដល់ពលរដ្ឋខេត្តកែប។ ផែនការមេដែលបានរៀបចំឡើង ដើម្បីថែរក្សាខេត្តមានសក្តានុពលទេសចរណ៍រយ:ពេលវែង មិនមែនដើម្បីរយៈពេលខ្លីនោះទេ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាពទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីវិស័យទេសចរណ៍ បើគ្មានសន្តិភាព គ្មានឡើងការមកលេងខេត្តកែបនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធរួមគ្នារក្សាកិត្តិនាមឆ្នេរសមុទ្រកម្ពុជា ជាសមាជិកក្លឹបឆ្នេរស្អាតលើពិភពលោក និងសមជាតារារះនាទិសនិរតី។

សម្តេចក៏បានណែនាំអាជ្ញាធរពាក់ព័ន្ធរួមគ្នាគិតគូរតភ្ជាប់ផ្លូវគោក និងផ្លូវអាកាស ក្នុងប្រទេសដើម្បីជំរុញការតភ្ជាប់ដំណើរទេសចរណ៍ និងយកចិត្តទុកដាក់ដាក់ជំរុញកសិទេសចរណ៍។

 

សម្តេចធិបតីក៏បានណែនាំឱ្យរួមគ្នាយកចិត្តទុកដាក់លើសន្តិសុខនៅតំបន់ទេសចរណ៍ ដោយមិនត្រូវធ្វើឱ្យតំបន់ទេសចរណ៍ក្លាយទៅជាជម្រកគ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនឡើយ។​

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍រួមគ្នាចូលរួមក្នុងចលនា ទីក្រុងស្អាត រមណីយស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងថែរក្សាអនាម័យបរិស្ថាន ឱ្យល្អស្អាត សក្ដិសមជាតារារះនាទិសនិរតី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២