រដ្ឋាភិបាលអូស្ត្រាលីផ្តល់ជំនួយបន្ថែម ដើម្បីបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ៥លាននាក់នៅត្រឹមឆ្នាំ ២០២៥

ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ( គ.ជ.អ.ប.)នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះបានរៀបចំពិធីសម្ពោធដាក់ឱ្យអនុវត្តគម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ (២០១៩-២០២៥) នៅសណ្ឋាគា កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

កម្មវិធីនេះមានការចូលរួមដោយ ស្ថានទូតអូស្ត្រាលី ធនាគារពិភពលោក គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា(WVI-C) បានប្រកាសបន្ថែមថវិកាបន្តរយៈពេលនៃការអនុវត្តគម្រោងគណនេយ្យភាពសង្គម (ISAF)។ គម្រោងអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម ដំណាក់កាលទី២ ISAF II (២០២៣-២០២៥) មានគោលបំណងជួយប្រជាពលរដ្ឋ ក្នុងការស្វែងយល់អំពីសេវាសាធារណៈ ដែលពួកគេមានសិទ្ធិនឹងទទួលបាន ព្រមទាំងផ្តល់សិទ្ធិអំណាចដល់ពួកគេ ក្នុងការផ្តល់មតិកែលម្អជាប្រចាំលើគុណភាពនៃសេវាសាធារណៈ ។

លោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា “ការងារគណនេយ្យភាព សង្គម ជាផ្នែកមួយដ៏សំខាន់នៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់ការលើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នារវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន”។

លោក ងី ច័ន្ទផល បានមានប្រសាសន៍លើកឡើងថា “ដោយសហការជាមួយនឹងអង្គការជាតិ អង្គការអន្តរជាតិ និងដៃគូ អភិវឌ្ឍន៍ យើងប្រាកដជាអាចធ្វើឱ្យប្រសើរឡើង នូវសេវាសាធារណៈនៅមូលដ្ឋាន សម្រាប់កុមារ និង ប្រជាពលរដ្ឋ រាប់លានគ្រួសារនៅទូទាំងប្រទេសកម្ពុជា ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជ រដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១។

ជាមួយគ្នានេះដែរលោក ចាស្ទីន ភ័យអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “គម្រោងអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ នឹងបន្តបង្កើនទំនាក់ទំនងរវាងអ្នកផ្តល់សេវា សាធារណៈ និងអ្នកទទួលសេវាសាធារណៈ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ព្រមទាំងជួយឲ្យប្រជាជនកម្ពុជាទាំងអស់អាចមានលទ្ធភាពទទួលបានសេវាសាធារណៈផងដែរ។ យើងក៏សង្ឃឹមផងដែរ ថាដំណើរការនេះ នឹងជួយបង្កើនភាពជឿជាក់ និងភាពជាដៃគូនៅតាមថ្នាក់មូល ដ្ឋាន”។

ចំណែកលោក ជេនេស ស៊ីម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា បានគាំទ្រការ អនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គមតាំងពីឆ្នាំ ២០១៦ មកម៉្លេះ។ យើងបានរួមចំណែកក្នុងការលើក កម្ពស់គុណភាព នៃសេវាសាធារណៈសំខាន់ៗ ដូចជា សេវានៅមណ្ឌលសុខភាព សាលាបឋមសិក្សា និង សេវារដ្ឋបាលនៅឃុំ/សង្កាត់ជាដើម” ។

លោក ជេនេស ស៊ីម៉ានូអែល ហ្គីនទីញ បានបន្ថែមថា “ក្រោមជំនួយថវិកាបន្ថែមពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈធនាគារពិភពលោក យើងនឹងពង្រីកវិសាលភាពតំបន់ការងារគណនេយ្យភាពសង្គមជាមួយអង្គ ការដៃគូក្នុងស្រុក ដោយបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ ក្នុងឃុំគោលដៅសរុបចំនួន ១០៤៣ សាលាបឋមសិក្សាចំនួន ៤៦៣៣ និងមណ្ឌលសុខភាពចំនួន ៨២៦ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាជនកម្ពុជាជាង ៥ លាននាក់នៅត្រឹមឆ្នាំ ២០២៥” ។

គម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ ទទួលបានថវិកាហិរញ្ញប្បទានក្រោមគម្រោង – ភាពជាដៃគូរវាងប្រទេសអូស្ត្រាលី និងធនាគារពិភពលោក ដើម្បីលើកកម្ពស់បរិយាបន្ន និរន្តរភាព និងសមធម៌ នៅកម្ពុជា” ដែលបាន ផ្តល់ហិរញ្ញប្បទានបន្ថែមដល់មូលនិធិបរធនបាលកិច្ចរបស់ធនាគារពិភពលោក ចំនួន ១៥លានដុល្លាអូស្ត្រាលី។ ការពង្រឹង និងរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងដំណើរការ ដែលបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ នឹង ពង្រឹងនូវតម្លាភាព និងកែលម្អគុណភាពសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង ដែលស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២