ភ្ញៀវជនជាតិកូរ៉េ២នាក់បានរងរបួស ខណៈជិះរថយន្តតាក់ស៊ីបើកលឿនជ្រុលទៅបុករបាំងថ្មបង្កាន់ដៃស្ពានផ្ទុះឆេះរថយន្តខ្ទេចកាលពីយប់ម៉ិញ

ភ្នំពេញ៖ ជនជាតិកូរ៉េ២នាក់បានរងរបួស ខណៈជិះរថយន្តតាក់ស៊ីមួយគ្រឿង ធ្វើដំណើរយ៉ាងលឿនមិនប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មបង្កាន់ដៃស្ពានអាកាស៥មករា ពេញទំហឹងបង្កជាអណ្តាតភ្លើងឆាបឆេះរថយន្តគ្មានសល់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយមហាវិថី សហព័ន្ធរុស្សី ត្រង់ចំណុចស្ពានអាកាស៥មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ស្លែ មិនចាំស្លាកលេខបានធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅបុកបង្កាន់ដៃស្ពាន អាកាស៥មករាពេញទំហឹង បង្កជាអណ្តាតភ្លើងឆាបឆេះរថយន្ត ហើយកម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានយករថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងមកបាញ់ពន្លត់ទើបភ្លើងរលត់ទៅវិញ១០០ភាគរយ តែរថយន្តត្រូវបានឆាបឆេះស្ទើរតែទាំងស្រុងនៅសល់តែគ្រោងដែកប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុ ភ្លៀវជាជនជាតិបរទេសត្រូវបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះ ចំណែកម្ចាស់រថយន្តតាក់ស៊ី រត់គេចខ្លួនបាត់ស្រមោល។ រីឯរថយន្តត្រូវបានកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកស្ទូចយកទៅរក្សាទុក រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធី៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២