រយៈពេល១១ខែ ក្នុងឆ្នាំនេះ កម្ពុជារកបានប្រាក់ចំណូលរហូតដល់ជាង៤២០លានដុល្លារពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

វិស័យស្រូវ អង្ករត្រូវបានរាជដ្ឋាភិបាលចាត់ទុកថា ជា«មាសពណ៌ស» ជាវិស័យអាទិភាពមួយ ដែលរដ្ឋាភិបាលកំពុងជំរុញការផលិត និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលក្នុងមួយឆ្នាំៗប្រទេសកម្ពុជាបានធ្វើការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានរាប់សែនតោន ជាមួយនឹងប្រាក់ចំណូលបានមកពីការនាំចេញនៃវិស័យនេះរហូតដល់រាប់ពាន់លានដុល្លារ។

បើតាមសហព័ន្ធស្រូវ អង្ករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣នេះ កម្ពុជាបានធ្វើការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៥៩៥ ៦៣០តោន គិតជាទឹកប្រាក់បានចំនួន ៤២០.៨១ លានដុល្លារសហរដ្ឋអាមេរិក។

ហើយកាលពីថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជារកបានទីផ្សារនាំចេញអង្ករដ៏ធំមួយថ្មីទៀតនៅក្នុងតំបន់គឺទីផ្សារប្រទេសទីម័រលេស្តេ ដែលបានសម្រេចចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជារហូតដល់ទៅចំនួន ៤០០០តោន ជាលើកដំបូងក្រោមយន្តការរដ្ឋ បន្ទាប់ពីប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ កន្លងទៅ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និង ក្រសួងការបរទេស និងសហប្រតិបត្តិការទីម័រលេស្តេ៕

   

ដោយ៖ សំណាង

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២