ករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ៖ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនជាតិបង់ក្លាដេសចំនួន ១២នាក់នោះហើយ

ភ្នំពេញ ៖ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លើជនជាតិបង់ក្លាដេសចំនួន ១២នាក់ ពីបទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ស្ថិតនៅចំណុចផ្ទះលេខ ១៣១G ផ្លូវ កែវចិន្ដា ក្រុម៨ ភូមិ៣ សង្កាត់ជ្រោយសង្វារ ខណ្ឌជ្រោយសង្វារ រាជធានីភ្នំពេញ។

លោក  វ៉ិត  មឃៈ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅរសៀលថ្ងៃទី៥ ខែធ្នូ នេះថា ករណីខាងលើនេះ ត្រូវបានតំណាងអយ្យការចេញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលើជនសង្ស័យទាំង១២នាក់ ពីបទ: ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងអោយផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៥៣ និងមាត្រា ២៥៤ នៃក្រមព្រហ្មទណ្ឌ រួចហើយ។

សូមជម្រាបផងដែរថា ម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាបក្រុមជនបរទេសចាប់បង្ខាំងមនុស្សនៅចំណុចផ្ទះលេខ ១៣១G ផ្លូវ កែវចិន្ដា ក្រុម៨ ភូមិ៣ សង្កាត់ជ្រោយសង្វារ ខណ្ឌជ្រោយសង្វារ រាជធានីភ្នំពេញ។

ក្នុងករណីប្រតិបត្តិការចុះបង្រ្កាបខាងលើនេះ ដោយបានទទួលពាក្យបណ្តឹងពីជនរងគ្រោះថា មានជនបរទេសមួយក្រុមបានចាប់បង្ខាំមនុស្សនៅខាងក្នុងផ្ទះវីឡាមួយតាមបណ្តាយផ្លូវកែវចិន្តា ជាប់និងអាគារខ្ពស់មួយកន្លែង។ ក្រោយពីសមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះរួច លុះមកដល់ម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០១ខែធ្នូ សមត្ថកិច្ចរួមទាំងអាវុធហត្ថខណ្ឌជ្រោយចង្វាបានសហការជាមួយនិងខាងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះមកឡោមព័ទ្ធនៅទីតាំងផ្ទះវីឡាមួយនោះ និងបានផ្ទុះអាវុធជាច្រើនគ្រាប់ បង្ក្រាបជាក់ស្តែងឃាត់ខ្លួនបានជនសង្ស័យចំនួន ១៣នាក់ ជនជាតិបង់ក្លាដេស ១២នាក់ប្រុស ជនជាតិខ្មែរ ១នាក់ (ស្រី) បានរំដោះជនរងគ្រោះចំនួន ២នាក់ ភេទប្រុស ជាជនជាតិចិន ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២