ជនដៃដល់ ដែលសម្លាប់នារីជាសង្សាររបស់ខ្លួននោះ បានចូលខ្លួនសារភាពហើយ នៅព្រឹកម៉ិញនេះ

ភ្នំពេញ៖​ ជនដៃដល់ ដែលបានធ្វើសកម្មភាពសម្លាប់នារីជាសង្សាររបស់ខ្លួនរួចយកទៅព្យួរ​កនៅបន្ទប់ទឹករហូតធំក្លិនស្អុយទើបបែកការនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីម្សិលមិញនោះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកក្រឡាញ់ខេត្តសៀមរាប ខណៈដែលជនសង្ស័យបានចូលខ្លួនទៅសារភាពនៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ផងដែរថា​ ករណីឃាតកម្មនេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ព្រឹក​ ថ្ងៃទី៧​ ខែធ្នូ​ ឆ្នាំ២០២៣​ នៅភូមិត្រពាំងថ្លឹង​ ២​ សង្កាត់ចោមចៅទី១​   ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះក្នុងករណីអំពើឃាតកម្មនេះ មានឈ្មោះ​ ស៊ីមរ៉ាឌី ភេទស្រីអាយុ១៩ឆ្នាំ​ មុខរបរកម្មការិនីរោងចក្រ​ ស្នាក់នៅបន្ទប់ជួល​ ១២សេ​ ក្នុងភូមិត្រពាំងថ្លឹង២​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណើត​ នៅភូមិសំបួរ​ ​ ឃុំព្រៃគុយ ​ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះលំ​ តាំងយី​ ភេទស្រីអាយុ៤៣ឆ្នាំ​ ត្រូវជាម្តាយជនរងគ្រោះបានរៀបរាប់ថា​ កាលពីថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០២៣​ វេលាម៉ោង១៩ និង១៥នាទី​ មិនឃើញកូនស្រីរបស់គាត់ចេញពីធ្វើការត្រឡប់មកបន្ទប់ជួល ដែលស្នាក់នៅជាមួយគាត់នោះទេ​ ពេលនោះគាត់បានតេទូរស័ព្ទចំនួន២ដងតែគ្មានអ្នកលើក​ ខំដើររកក៏មិនឃើញ។ លុះរហូតមកដល់ថ្ងៃទី៧​ ខែឆ្នាំដដែល​ រូបគាត់ក៏បបួលបងប្អូនជីដូនមួយរបស់គាត់មកមើលនៅបន្ទប់ជួលលេខ៣៧​ ជាន់ទី១​ ភូមិត្រពាំងថ្លឹង២​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ដែលត្រូវជាសង្សាររបស់កូនស្រីរបស់គាត់​ ឈ្មោះផា​ ភេទប្រុស​ តែទ្វារចាក់សោខាងក្រៅ​ ពេលនោះក៏ធំក្លឹនស្អុយរូបគាត់ ក៏ចុចពិលអើតមើលក៏ឃើញសពកូនស្រីរបស់គាត់ចង.កជាប់ទៅនឹងទ្វារបន្ទប់ទឹកទើបរាយការណ៍ទៅសមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ ហើយក៏បានហុំព័ទ្ធកន្លែងកើតហេតុរងចាំជំនាញមកធ្វើកោសល្យវិច័យ​ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះត្រូវបានឃាតកយកខ្នើយខ្ទប់ច្រមុះរួចយកទៅព្យួរកនៅបន្ទប់ទឹក​ រួចគេចខ្លួនបាត់។

បច្ចុប្បន្នសពត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនដៃដល់ជាសង្សារ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចូលខ្លួនទៅសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប៕

     

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២