រថយន្តដឹកសាំងមួយគ្រឿងបើកបុកម៉ូតូ ហើយបានបន្តជ្រុលទៅបុករថយន្តដឹកកម្មករ បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ហើយត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងរថយន្តដឹកប្រេងសាំងរបស់ក្រុមហ៊ុនសូគីមិចបុកជាមួយម៉ូតូមួយគ្រឿង ហើយជ្រុលទៅបុកជាមួយរថយន្តដឹកកម្មកររោងចក្រមួយគ្រឿងទៀតពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៥ និង២៥នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣ ទៅលេខ២៤ ស្ថិតនៅក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះ កម្លាំងនគរបាលបានចេញអន្តរាគមន៍សង្គ្រោះ និងសម្រួលចរាចរណ៍មិនបណ្តាលឱ្យកកស្ទះចរាចរណ៍ឡើយ។ហើយនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់ ដែលជាអ្នកបើកបរម៉ូតូ និងរងរបួសកម្មកររោងចក្រ ជាច្រើននាក់។ នគរបាលជំនាញ កំពុងដឹកយកទៅសង្គ្រោះដោយបញ្ចូនទៅមន្ទីរពេទ្យនៅជិតកន្លែងកើតហេតុ។

សមត្ថកិច្ចនគរបាលចរាចរណ៍បានបញ្ជាក់ឲ្យដឹងថា អ្នកបើកបររថយន្តដឹកប្រេងសាំងសូគីមិចបានចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តដឹកកម្មកររោងចក្របានរងរបួសធ្ងន់ ត្រូវដឹកបញ្ជូនយកទៅសង្គ្រោះភ្លាម៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២