ប្រធាន គ.ជ.ប ៖ មានគណបក្សនយោបាយចំនួន៤ បានដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍បញ្ជាក់ថា ចំពោះការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បានចាប់ផ្ដើមតាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបញ្ចប់នៅវេលាម៉ោង៥ និង៣០ នាទីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ ។ បើគិតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន ៤ ហើយបានដាក់ពាក្យសុំចុះបញ្ជីមក គ.ជ.ប ដែលរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្ស ឆន្ទៈខ្មែរ ,គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។

ការបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) និងសេចក្តីសម្រេចស្តីពីការបង្កើតលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅសាលប្រជុំអគារ S ទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

 

ឯកឧត្តមបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ គ.ជ.ប បានសម្រេចទទួលស្គាល់បញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយចំនួន ៣ ហើយ  រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ។ ដោយឡែកគណបក្ស ហ៊្វុនស៊ិនប៉ិច     គ.ជ.ប បានសម្រេចធ្វើលិខិតជូនដំណឹងឱ្យកែតម្រូវក្នុងរយៈពេលយ៉ាងយូរ ៥ ថ្ងៃ ដោយហេតុថាគណបក្សនេះនៅខ្វះសេចក្តីប្រកាសអំពីគណនីធនាគារដែលគណបក្សបានទុក ប្រាក់ចំណូលផ្សេងៗ និងបង្កាន់ដៃបង់ប្រាក់តម្កល់ ១៥.០០០.០០០រៀល ដែលចេញដោយអគ្គនាយកដ្ឋានរតនាគារជាតិ ។

ប្រធាន គ.ជ.ប បានបន្តថា ចំពោះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គឺ មានរយៈពេល ១៤ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ប៉ុន្តែក្នុងរយៈពេលនេះ ការហែក្បួនឃោសនាបោះឆ្នោត ត្រូវបានអនុញ្ញាតត្រឹមចំនួន ២ ដងតែប៉ុណ្ណោះក្នុងមណ្ឌលភូមិភាគ នីមួយៗ ដែលគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះ ។ ហើយគ្រប់សកម្មភាព ឃោសនាបោះឆ្នោតត្រូវចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត ។

 

ប្រភពដដែលបានបន្តទៀតថា ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៣:០០ រសៀល ។ បន្ទាប់ពីបញ្ចប់ការបោះឆ្នោត ការរាប់សន្លឹកឆ្នោតនឹងត្រូវ ចាប់អនុវត្តភ្លាមៗនៅទីតាំងដដែល ហើយគណៈកម្មការការិយាល័យបោះឆ្នោត នឹងត្រូវក្លាយទៅ ជាគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត ។

បន្ទាប់ពីការបោះឆ្នោត ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមឋានានុក្រម ហើយផ្អែកតាមប្រតិទិនការងាររបស់ គ.ជ.ប លទ្ធផលផ្លូវការនៃការបោះឆ្នោតនឹង ត្រូវប្រកាសផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយ ឬអាចមុនកាលបរិច្ឆេទនេះ តាមករណីមាន ឬគ្មានពាក្យបណ្តឹង ឬគ្មានការបោះឆ្នោតសាជាថ្មី ។

ប្រធាន គ.ជ.ប បានដោយសង្ខេបអំពីដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ តាមដំណាក់កាលនីមួយៗដូចតទៅ ៖ អនុលោមតាមរដ្ឋធម្មនុញ្ញន ព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពី វិសោធនកម្មនៃច្បាប់នេះ គ.ជ.បត្រូវរៀបចំការបោះឆ្នោតជាអសកល ដើម្បីជ្រើសតាំងសមាជិក ព្រឹទ្ធសភា ដែលជាស្ថាប័នអង្គនីតិប្បញ្ញត្តិ រៀងរាល់ ៦ ឆ្នាំម្ដង ៕

   

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២