ដំណឹងល្អ! ក្រុមអ្នកអភិរក្ស ល្បាតជលផល និងសហគមន៍នេសាទបានប្រទះឃើញត្រីបាណន់គីង្គក់ដ៏ធំមួយក្បាលកំពុងហែលទឹក នៅមុខឆ្នេរកូកូណាត់ ក្នុងក្រុងកោះរ៉ុង

ពិតជាមានការរំភើបយ៉ាងខ្លាំង ដោយក្រុមអ្នកអភិរក្ស ល្បាតជលផល និងសហគមន៍នេសាទបានប្រទះឃើញត្រីបាណន់គីង្គក់​(Whale Shark )មួយក្បាលយ៉ាងធំ នាវេលាម៉ោង ៥ និង១០នាទីល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខឆ្នេរកូកូណាត់ ក្នុងដែនសហគមន៍នេសាទ​​ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានធ្វើការផ្សព្វផ្សាយកាលពីម្សិលម៉ិញនេះ។

ជាទូទៅ ត្រីបាណន់គីង្គក់ ស៊ីកូនបង្គា មឹក និងកូនត្រីជាអាហារ ដែលមានប្រវែងរហូតដល់ទៅ ៦ម៉ែត្រ និងមានអាយុវែងរហូតដល់ជាង១០០ឆ្នាំឯណោះ។ ត្រីនេះត្រូវបានចាត់ទុកជាប្រភេទត្រីជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN។

ហើយការចាប់ ការសម្លាប់ ឬការជួញដូរត្រីប្រភេទនេះ ជាអំពើខុសច្បាប់ អ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២