ក្រសួងសុខាភិបាលរកឃើញករណីជំងឺអុតស្វាលើបុរសម្នាក់អាយុ២៨ឆ្នាំ នៅខណ្ឌសែនសុខ

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣​ បានបញ្ជាក់ថា មានករណីជំងឺអុតស្វា កើតលើបុរសម្នាក់អាយុ ២៨ឆ្នាំ ដែលមានទីលំនៅក្នុងភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសនេះចាប់ផ្តើមមានរោគសញ្ញា នៅប្រដាប់ភេទ បន្ទាប់មករាលដាលដល់កខាងស្តាំ ថ្ពាល់ កំភួនដៃ និងជើង ហើយបានស្វែងរកការពិគ្រោះ ជំងឺនៅមន្ទីរពេទ្យ និងបញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានវីរុសអុតស្វា អ្នកជំងឺបានដាក់ឱ្យនៅសម្រាកព្យាបាលដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបានយ៉ាងត្រឹមត្រូវ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងរាជធានីភ្នំពេញ បាន និងកំពុងសហការ ជាមួយ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលអង្កេតស្រាវជ្រាវយ៉ាងសកម្មស្វែងរកប្រភពចម្លង និងស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការចម្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ធ្វើយុទ្ធនាការអប់រំសុខភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២