យុវជនម្នាក់បើកម៉ូតូលឿនពេកជ្រុលទៅបុកខឿនថ្មផ្លោងមនុស្សទៅបុកផ្ទប់នឹងបង្គោលភ្លើង បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ ៖ យុវជនម្នាក់បានបើកម៉ូតូលឿនជ្រុលទៅបុកខឿនថ្ម ហើយបានផ្លោងមនុស្សទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ​ បណ្ដាលឱ្យបែកក្បាលស្លាប់នៅនឹងកន្លែង។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៣ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចជិតវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ 

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផឹន ណារិទ្ធិ អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បើក ម៉ូតូម៉ាកហុងដាឌ្រីមសង់ C125 ពណ៌ក្រហម ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខកំពង់ឆ្នាំង 1E-7818 ។

​  

សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះបើកម៉ូតូម្នាក់ឯង តាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងមកត្បូង ទិសដៅពីខេត្តចូលមកភ្នំពេញ ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកខឿនថ្មចែកទ្រូងផ្លូវ ផ្លោងមនុស្សទៅបោកផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវ ។ក្រោយកើតហេតុកងកម្លាំង៧១១ កងពលតូចលេខ៧០ បានចុះទៅពិនិត្យ និងជួយ សង្រ្គោះបឋម ក្រែងអាចសង្គ្រោះជីវិតបាន តែជាអកុសលជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះទៅយកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌដង្កោ​ បណ្ដោះអាសន្ន​ ។ ចំណែកសពប្រគល់ឲ្យសាច់ញាតិ ដឹកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២