អ្នកនាំពាក្យ​៖ សម្តេចធិបតី​ មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើររបស់ក្រុមហ៊ុនVingroup ឱ្យបើកក្រុមហ៊ុនតាក់ស៊ីនៅកម្ពុជានោះទេ

ភ្នំពេញ៖​ កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២ ៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នក លេងបណ្តាញសង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជនមួយចំនួនមានការយល់ច្រឡំថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៤។​ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៣នេះ។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា នៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើរ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនី នៅកម្ពុជាពិតមែន។ ប៉ុន្តែសំណើរនេះសម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើររបស់ក្រុមហ៊ុននោះទេ៕

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២