រកឃើញទីតាំងកែច្នៃ និងចែកចាយខ្ញីមួយកន្លែងទៀតហើយ ដែលមានផ្ទុក និងប្រើប្រាស់សាធាតុគីមីហាមឃាត់

មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យទីតាំងកែច្នៃ និងចែកចាយខ្ញីហាន់ ១ទីតាំងស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីការពារសុខភាពប្រជាពលរដ្ឋស្របតាមតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ក្រែងម្ចាស់ទីតាំងមានដាក់លាយសារធាតុគីមីហាមឃាត់ណាមួយក្នុងខ្ញីទាំងនោះ ។ ការចុះទៅត្រួតពិនិត្យទីតាំងកែច្នៃខ្ញីនេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមលទ្ធផលដែលទទួលបានពីក្រុមមន្ត្រីជំនាញ បានរកឃើញថា ខ្ញីដុំមិនទាន់ហាន់ចំនួន ៩៤០គីឡូក្រាម ខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite ចំនួន ២០គីឡូក្រាម និងមើមខ្ញីត្រាំចំនួន ៦០គីឡូក្រាម រួមទាំងសារធាតុ Sodium Hydrosulfite ចំនួន ៣.៨គីឡូក្រាមផងដែរ ដូចនេះមន្ត្រីជំនាញបានសម្រេចចាត់វិធានការបន្តតាមនីតិវិធីភ្លាមៗ។

សូមបញ្ជាក់ផងដែរថា សារធាតុ Sodium Hydrosulfiteនេះ ជាប្រភេទសារធាតុគីមីហាមឃាត់ និងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារនោះទេ។ហើយថា ការទទួលទាននូវសារធាតុនេះ អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស ឬគ្រោះថ្នាក់ដល់ជីវិតផ្សេងៗទៀតផង៕

   

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២