ដំណឹងល្អ! ក្រុមអ្នកអភិរក្សបានប្រទះឃើញសត្វឆ្កែព្រៃ២ក្បាល ដែលជាសត្វជិតផុតពូជក្នុងពិភពលោក នៅដែនជម្រកសត្វព្រៃស្រែពក                      

ភ្នំពេញ៖ នៅកំឡុងពេលល្បាត ក្រុមការងារអនុវត្ត​ច្បាប់បាន​​ប្រទះ​ឃើញសត្វឆ្កែព្រៃចំនួន២ក្បាល នៅក្នុងដែន​ជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្រ្តខេត្ត​មណ្ឌលគីរី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។សត្វឆ្កែព្រៃទាំងនោះ ជាប្រភេទ​សត្វជិតផុតពូជក្នុងពិភពលោកយើងនេះទៅហើយ។

សត្វឆ្កែព្រៃ  (Cuon alpinus)ត្រូវបានចាត់ចូលជា​ប្រភេទ​សត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមរបស់អង្គការIUCN ដែលមាន​ប្រមាណជាង២៥០០ក្បាលប៉ុណ្ណោះក្នុងពិភពលោក។ ឆ្កែព្រៃ គឺជាអម្បូរសត្វ ដែលសហការគ្នាជា​ក្រុមៗនៅពេលដែលពួកវាត្រូវប្រមាញ់ចំណី ជាពិសេសគឺពួកវាអាចប្រមាញ់សត្វដែលមានមាឌធំជាងខ្លួនវារហូតដល់ទៅ១០ដងឯណោះ។ សត្វដ៏កម្រនេះកំពុងតែរងគ្រោះដោយសារការដាក់អន្ទាក់ ការបាត់បងទីជម្រក ជាពិសេសពួកវាទទួល​រង​គ្រោះ​ដោយសារជំងឺឆ្លងពីសត្វឆ្កែក្នុងស្រុក។

សូមបញ្ជាក់ផងដែរថា ក្រុមការងារអនុវត្តច្បាប់ មានមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្ត  ភ្នាក់ងារល្បាតសហគមន៍ និងមន្រ្តីអនុវត្តច្បាប់របស់អង្គការWWF បានខិតខំប្រឹងប្រែងល្បាតដោះអន្ទាក់ បញ្ឈប់បទល្មើស នៅដែនជម្រកសត្វព្រៃស្រែពក ដើម្បីរក្សាធនធានសត្វព្រៃកម្ពុជាឱ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

សូមចូលរួមការពារសត្វព្រៃដ៏កម្ររបស់យើង ដោយការមិនបរិភោគសាច់សត្វព្រៃ និងកុំបណ្តើរឆ្កែចូលព្រៃការពារ ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២