កម្ពុជា និងអាមេរិក សន្យាពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានជួបពិភាក្សាការងារក្នុងស្មារតីមិត្តភាពជាមួយ លោកជំទាវ មេលីសា ប្រោន (Melissa ABrown) ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ក្នុងឱកាសដែលលោកជំទាវអញ្ជើញមក បំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវឧបការីរង បានបញ្ចាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ប្រយោជន៍ទៅវិញទៅមកលើវិស័យផ្សេងៗ រួមទាំង ពាណិជ្ជកម្ម និងវិនិយោគ ជំនួយអភិវឌ្ឍន៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្តី បានបង្ហាញនូវគោលនយោបាយដែលផ្តោតលើប្រជាពលរដ្ឋ និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលថ្មី រួមមាន ការថែទាំសុខភាព ការអប់រំ និងបណ្ដុះបណ្តាល និងការបង្កើតការងារ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលបានជួយគាំទ្រដល់វិស័យមួយចំនួនខាងលើ។ ទន្ទឹមនឹងទទួលស្គាល់នូវកិច្ចសហប្រតិបត្តិការគួរឱ្យចាប់អារម្មណ៍ជាច្រើនរវាងសហរដ្ឋអាមេរិក និង កម្ពុជា លោកជំទាវឧបការីរងបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការទាំង នោះ ធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងស្វែងរកកាលានុវត្តភាពសម្រាប់ភាពជាដ គូថ្មីៗបន្ថែមទៀត។ លោកជំទាវឧបការីរង បានថ្លែងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងប្រកាន់យកវិធី សាស្ត្របែបសន្តនិយមចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា ។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់និងអន្តរជាតិដែលជាប្រយោជន៍រួម រួមទាំង តួនាទីរបស់កម្ពុជានាពេលខាងមុខ ជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- សហរដ្ឋអាមេរិក។ លោកជំទាវឧបការីរង បានសង្កត់ធ្ងន់ថា កេរ្តិ៍ឈ្មោះដ៏ល្អរបស់កម្ពុជាក្នុងឋានៈជា

ប្រធានអាស៊ានកន្លងមក និងវិធីសាស្ត្របែបស្ថាបនារបស់កម្ពុជាចំពោះវិបត្តិអ៊ុយក្រែន នឹងបង្កភាព ងាយស្រួលដល់កិច្ចសន្ទនា។ សហរដ្ឋអាមេរិកក៏នឹងខិតខំជួយគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធាននៃ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាស្ដីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីន ផងដែរ។

កិច្ចពិភាក្សាខាងលើនេះបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីទាំងពីរក្នុង ការបន្តកិច្ចសន្ទនាជាមួយគា្ន លើប្រធានបទជាច្រើន រួមទាំងប្រធានបទដែលភាគីទាំងពីរមានទស្សនៈ ផ្សេងគ្នា។ ភាគីទាំងពីរបានគូសបញ្ជាក់នូវសារៈសំខាន់នៃតម្រូវការឱ្យមានការជឿទុកចិត្ត និងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកក្នុងនាមជាដៃគូ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២