រថយន្តបើកបុកម៉ូតូត្រង់ចំណុចផ្លូវបំបែកជាបួនអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់បែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅមុខហាងមួយកន្លែង ខណៈបើកម៉ូតូមួយគ្រឿងត្រូវបានរថយន្តបើកបុកនៅត្រង់ចំណុចផ្លូវបំបែកជាបួនកិនអូស ជិត៣០ម៉ែត្រ និងបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមទៀតបណ្តាលឲ្យបាក់។ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣នៅតាមបណ្តោយផ្លូវ លេខ៥៦៦កែងផ្លូវលេខ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះសៀង គឹម ហុង អាយុ ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១១អឺ០ ផ្លូវលេខ២៧ ភូមិ ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកJeepចំនួនពីរ គ្រឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CB-9963 និងមួយគ្រឿងទៀតមិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣១៧ ទើសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនកែងនឹងផ្លូវ៥៦៥ កន្លែងកើតហេតុស្រាប់តែរថយន្តJeepមួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ2CB-9963 បានជ្រុលចង្កូតបុកជាមួយម៉ូតូហុងដា clickមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1DF-5396 បើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៦៦ទិសដៅពីកើតទៅលិចចំពីចំហៀងពេញទំហឹង ហើយកិនម៉ូតូអូសជិត៣០ម៉ែត្រជាប់នៅក្រោមរថយន្តហើយទៅបុកនឹងបង្គោលផ្លាកសញ្ញាចរាចរណ៍មួយដើមទៀតបណ្ដាលឲ្យបាក់និងផ្លោងជនរងគ្រោះទៅមុខហាងមួយកន្លែងបែកក្បាលធ្លាយខួរស្លាប់នៅនិងកន្លែង ។ភ្លាមនោះគេឃើញមានបុរសបីនាក់បានចុះពីលើរថយន្តបង្កមកមើលជនរងគ្រោះមួយសន្ទុះ។ ចំណែករថយន្តមួយគ្រឿងទៀតបានឈប់ចាំ។ក្រោយមកក៏មានការភ្ញាក់ផ្អើលឆោឡោស្រាប់តែបុរសទាំងបីនាក់នោះបានឡើងជិះរថយន្តJeepមួយគ្រឿងទៀត ដែលឈប់ចាំនោះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ វាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២