ត្រីរាជ១ក្បាល ទម្ងន់ជាង១១៥គីឡូក្រាម ត្រូវបានប្រជានេសាទ នេសាទបាន និងព្រលែងចូលទៅក្នុងទន្លេសាបវិញ

ត្រីរាជ១ក្បាល ទម្ងន់១១៥គីឡូក្រាម ប្រវែង២,២ម៉ែត្រ ត្រូវបានព្រលែងចូលទៅក្នុងទន្លេសាបវិញ នៅក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់ពីប្រជានេសាទ នេសាទបានកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

ប្រជានេសាទ ដែលនេសាទត្រីរាជនេះបានមានឈ្មោះ ម៉ុត សាវឿន បន្ទាប់ពីគាត់នេសាទបានត្រីរាជនេះ គាត់បានយកមកប្រគល់ឱ្យរដ្ឋបាលជលផល  ដែលរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចាត់ទុកថា សកម្មភាពនេះ គឺជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជ។

រដ្ឋបាលជលផល សូមអំពាវនាវដល់បងប្អូនអ្នកនេសាទទាំងអស់មេត្តាចូលរួមថែរក្សា និងការពារប្រភេទត្រីដែលជិតផុតពូជនេះ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលនេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះឱ្យសម្បូរ សម្រាប់កូនចៅជំនាន់ក្រោយ៕

  

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២