ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងនារីម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ចំណែកឯស្រ្តីជាប្រពន្ធរួមដំណើរជាមួយបុរសភាគីម៉ូតូស្គូបពីមួយគ្រឿងទៀត បានរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ខណៈពេលដែលបុរសជាម្ចាស់ម៉ូតូស្គុបពី ជិះបញ្រ្ចាសផ្លូវ ទៅបុកម៉ូតូឌ្រីមសង់ចំពីមុខពេញទំហឹង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះម៉ៅ ម៉េង អាយុ៣៣ឆ្នាំ មុខរបរអ្នកលក់ដូរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រស់នៅខេត្តតាកែវ។

ប្រភពព័ត៌មានពីស្រ្តីត្រូវជាប្អូនជនរងគ្រោះ បានឱឲ្យដឹងថា មុនពេលកើតហេតុ ដោយបុរសរងគ្រោះ និងប្រពន្ធជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1HN-6197 ជិះឌុបគ្នាចេញពីបន្ទប់ជួលម្តុំផ្សារកាណាឌីយ៉ា ទៅយកត្រីនៅផ្សារច្បារអំពៅ បានបើកម៉ូតូតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីលិចមកកើត ខណៈបើកមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូស្គូបពីមួយគ្រឿងទៀត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1IK-5507 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតមកលិចបញ្រ្ចាសផ្លូវ ក្នុងល្បឿនយ៉ាងលឿនមកបុកចំពីមុខម៉ូតូឌ្រីមសង់ ជិះដោយប្តីប្រពន្ធ២នាក់ពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូឌ្រីមសង់ស្លាប់ បុរសម្នាក់ជាប្តីនៅនឹងកន្លែងភ្លាមៗ ចំណែកឯប្រពន្ធ និងភាគីខាងម៉ូតូស្គូបពី បានរងរបួសធ្ងន់ ត្រូវបានដឹកតាមកង់បីយកទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុ ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំឲ្យភាគីទាំងពីរដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២