សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើឱ្យភាគីពាក់ព័ន្ធបន្តធ្វើការផ្សព្វផ្សាយពីហានិភ័យ និងវិធីសាស្រ្តបង្ការជំងឺមិនឆ្លងដល់ពលរដ្ឋឱ្យបានកាន់តែផុលផុស ដោយចាត់ទុកជំងឺមិនឆ្លងជាបញ្ហារួម និង​ពហុវិស័យ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់អ្នកពាក់ព័ន្ធបន្តសកម្មភាពផ្សព្វផ្សាយពីហានិភ័យ និងវិធីសាស្រ្តបង្ការជំងឺមិនឆ្លង ឱ្យកាន់តែផុលផុសដើម្បីធ្វើឱ្យពលរដ្ឋមានការយល់ដឹងកាន់តែច្រើន ជាពិសេសក្នុងចំណោមស្រ្តី រួមនឹងការបង្កលក្ខណៈងាយស្រួលសម្រាប់ ការពិនិត្យសុខភាព ហើយមានតម្លៃសមរម្យ​។ សម្តេចបានគូសបញ្ជាក់ថា លើសពីនេះ ការអប់រំសុខភាពមិនគួរផ្តោតត្រឹមតែការផ្តល់ព័ត៌​មានដល់សហគមន៍ នូវអ្វីដែលពួកគេអាចធ្វើបាន ឬធ្វើមិនបាននោះឡើយ។ ហើយថា រាជរដ្ឋាភិបាលបានបន្តបង្កើនកញ្ចប់ថវិកាជាតិ រហូតដល់ ៥៥០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៤ សម្រាប់ទ្រទ្រង់វិស័យសុខាភិបាល។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអំពាវនាវដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពង់បើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «វិធីសាស្រ្ដបង្ការជំងឺមិនឆ្លង និងការកាត់បន្ថយគម្លាតយេនឌ័រដែលបណ្ដាលមកពីជំងឺមិនឆ្លង» ដែលប្រារព្ធធ្វើនាព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ​ នៅសណ្ឋាគារកាំបូឌីយ៉ាណាក្នុងរាជធានីភ្នំពេញ។

 

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើអាជ្ញាធរសុខាភិបាលជាតិធ្វើការរួមគ្នាជាមួយស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូនានា ក្នុងការចែករំលែកព័ត៌មាន ទិន្នន័យ កម្មវិធីបណ្តុះ     បណ្តាល និងការអនុវត្តល្អៗ ដើម្បីបង្កើតភាពជាដៃគូ ពហុវិស័យ ក្នុងការស្រាវជ្រាវ និងបង្ការជំងឺមិនឆ្លងឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស គិតគូរពីតម្រូវការជាក់ស្តែងរបស់ស្រ្តី ដែលជាទូទៅមានលក្ខណៈខុសពីបុរសនៅក្នុងការទទួលបានព័ត៌មាន និងការបណ្តុះបណ្តាល ស្តីពីអាហារូបត្ថម្ភ និងការថែទាំសុខភាព ព្រមទាំងលទ្ធភាពផ្នែកហិរញ្ញវត្ថុ ក្នុងការទទួលបានការព្យាបាល​។

សូមជម្រាបផងដែរថា​ ជំងឺមិនឆ្លងមានដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺផ្លូវចិត្ត និងជំងឺមហារីក។តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា មនុស្សគ្រប់វ័យ និងគ្រប់ទីកន្លែងទាំងអស់ គឺសុទ្ធតែរងផលប៉ះពាល់ដោយសារជំងឺមិនឆ្លងនេះ។ រៀងរាល់ឆ្នាំ មនុស្សប្រមាណជា ១៧លាននាក់ នៅលើសកលលោក បានស្លាប់ មុនពេលឈានចូលដល់វ័យ ៧០ឆ្នាំ ដោយសារជំងឺមិនឆ្លងនេះ។

បញ្ហាប្រឈមនាំឱ្យកើតជំងឺមិនឆ្លងមានជាច្រើន។ ជំងឺមិនឆ្លងគឺជាជំងឺរបស់អ្នកមាន។​ ផ្ទុយទៅវិញ ចំនួននៃកត្តាហានិភ័យ នៃជំងឺមិនឆ្លង បាននិងកំពុងកើនឡើង គ្រប់ទីកន្លែងទាំងនៅទីក្រុង និងតំបន់ជនបទ ដោយពួកគេបានប្រើប្រាស់ថ្នាំជក់ សេពគ្រឿងស្រវឹង គ្រឿងញៀន ទទួលបន្លែផ្លែឈើមិនគ្រប់គ្រាន់ ឬបន្លែនិងផ្លែឈើមានសារធាតុគីមីខ្ពស់ និងមិនសូវហាត់កីឡាជាដើម។ អត្រាការជក់បារីក្នុងចំណោមបុរសមានច្រើនជាងស្រ្តី ហើយកសិករ កម្មករ ដែលមានអាយុចាប់ពី១៨ ដល់៤៩ឆ្នាំ មានទម្លាប់នៃការជួបជុំទទួលគ្រឿងស្រវឹង ដែលជាបច្ច័យមួយនាំឱ្យធ្លាក់ខ្លួនឈឺ។

សម្តេចមហារដ្ឋសភាធិការធិបតី បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ឧត្តុង្គឧត្តម ដែលរាជរដ្ឋាភិបាលសម្រេចបាន និងការបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារសុខភាព និងសុខុមាលភាពប្រជាជន។ សម្តេចបានគូសបញ្ជាក់ថា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់យកការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ជាគោលនយោបាយអាទិភាពចម្បង តាមរយៈទំនើបភាវូបនីកម្មប្រព័ន្ធផ្តល់សេវាថែទាំសុខភាព ឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល នៅដំណាច់ឆ្នាំ២០៣០ ការរៀបចំឱ្យបានរឹងមាំ នូវប្រព័ន្ធសន្តិសុខសង្គម និងជំនួយសង្គម ការលើកកម្ពស់វិស័យធានារ៉ាប់រង ការពង្រឹងនិងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល ការយកចិត្តទុកដាក់លើវិស័យកីឡា និងសុខភាពសាធារណៈ ការលើកកម្ពស់សមភាពយេនឌ័រ និងការជំរុញសង្គមឌីជីថល។ រាជរដ្ឋាភិបាលបានបន្តបង្កើនកញ្ចប់ថវិកាជាតិ រហូតដល់ ៥៥០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៤ សម្រាប់ទ្រទ្រង់វិស័យសុខាភិបាល៕

      

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២