មិនសរសើរមិនបាន ! អ្នកលេងគុនខ្មែររូបស្រស់កំលោះសង្ហាអេ អាំម៉ារីន ភូថង កំពុងធ្វើព្យុះ ធ្វើភ្លៀងនៅលើសង្វៀនគុនខ្មែរ ហើយបានឆក់យកបេះដូងកញ្ញាៗគាំទ្រគុនខ្មែរ បន្ទាប់ពីផ្ដាច់កីឡាករថៃឲ្យបោះបង់ការប្រកួតនៅខេត្តមណ្ឌលគិរីយប់ម៉ិញ

ភ្នំពេញ៖ អ្នកលេងផ្លែកែងឆេះ ជង្គង់ហោះស្នងតំណែងពីឪពុក កំពូលអ្នកប្រដាល់គុនខ្មែរ កំលោះរូបសង្ហារវ័យក្មេងកំពុងតែឆក់យកបានទាំងបេះដូងកញ្ញាៗ ព្រមទាំង សន្ទុះនៃការគាំទ្រពីអ្នកស្នេហាគុនខ្មែរយ៉ាងខ្លាំង ក្រោយពីរូបគេបានផ្ដួលកីឡាករកៅ អេ ជាកីឡាករជើងខ្លាំងមកពីប្រទេសថៃមួយរូបឲ្យបោះបង់ការប្រកួតនៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត8ទិស នាទឹកដីខេត្តមណ្ឌលគិរីកាលពីយប់ម៉ិញនេះ។

កីឡាករវ័យក្មេងកំពុងតែទទួលបានតំណែងគូឯកនៅលើសង្វៀនធំៗជាច្រើននាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យអ្នកគាំទ្រនៅទឹកដីខេត្តមណ្ឌលគិរីស្រែកហ៊ោរកញ្ជ្រៀវយ៉ាងកងរំពងពេញសង្វៀនប្រកួត។ចំណែកអ្នកគាំទ្រនៅលើបណ្ដាញសង្គមវិញបានចូលខំមិនសរសើររូបគេមិនដាច់ពីមាត់ថា គេនៅតែធ្វើបានល្អ អ្នកខ្លះថាឪពុកជាខ្លាកូនក៏នៅតែខ្លា ខ្លួនក្មេងប៉ុណ្ណឹងសោះវ៉ៃល្អយ៉ាងនេះ។

ក្នុងជំនួបគូមិត្តភាពអន្តរជាតិចុងក្រោយ ប៉ុន្តែនៅតែមានការចូលទស្សនាតាមរយៈការផ្សាយផ្ទាល់យ៉ាងច្រើនកុះករ អាម៉ារីនមិនធ្វើឲ្យអ្នកគាំទ្រខកបំណងនោះទេ គេបានប្រើប្រាស់ក្បាច់កែងជង្គង់ជាពិសេសគឺរន្ទះជើងបានយ៉ាងល្អទៅលើគូប្រកួតកីឡាករកៅអេរហូតដល់កីឡាកររូបនេះមានបញ្ហាត្រង់ពោះទឹកធ្វើឲ្យលោកអាជ្ញាកណ្ដាលមិនឲ្យបន្តការប្រកួតទៀតឡើយ។

អាម៉ារីនភូថងបានផ្ដាច់កីឡាករកៅអេ របស់ថៃឲ្យឱ្យបោះបង់ការប្រកួតត្រឹមរយៈពេល 2 ទឹកប៉ុណ្ណោះ ដែលធ្វើឱ្យកីឡាករថៃរូបនេះមិនអាចបន្តការប្រកួតទៀតបាន ក្រោយពីមានការរាប់ពីសំណាក់លោកអាជ្ញាកណ្ដាល រហូតទៅដល់ 2 ដងនៅក្នុងទឹកទី 2។

ដោយរន្ទះជើងចុងក្រោយរបស់អាមេរីនចូលចំកណ្តៀតក្អមរបស់កីឡាករថៃរូបនោះ​ លោកអាជ្ញាកណ្ដាលមើលទៅដូចជាមិនស្រួលទើបសម្រេចបញ្ឈប់ការប្រកួតតែម្ដង ព្រោះថាខ្លាចប៉ះពាល់ដល់រាងកាយកីឡាករថៃធ្ងន់ធ្ងរ ។

 

សូមជម្រាបផងដែរថា សង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត8ទិស កំពុងតែធ្វើដំណើរទៅតាមបណ្ដាលខេត្តឆ្ងាយៗដែលសង្វៀនមិនទាន់បានទៅដល់នារដូវកាលកន្លងមក។ ដូច្នេះសូមពុកម៉ែបងប្អូនមហាជនកម្ពុជាកុំភ្លេចរង់ចាំគាំទ្រ និងទទួលស្វាគមន៍វត្តមានកីឡាករគុនខ្មែរល្បីៗនិងទៅប្រកួតជូនពុកម៉ែ បងប្អូននៅតាមបណ្ដាលទីរួមខេត្តផ្សេងៗជាច្រើនទៀតបានទស្សនាកម្សាន្ត។

សង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត8ទិស នឹងមានការប្រកួតជារៀងរាល់ថ្ងៃអាទិត្យ ដោយមានការផ្សាយផ្ទាល់ចាប់ម៉ោង 7:00 យប់តទៅ ។ពីមួយសប្តាហ៍ទៅមួយសប្តាហ៍នៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត8ទិស តែងតែនាំមកនូវមានវត្តមានកីឡាករជាតិ និងកីឡាករអន្តរជាតិល្បីៗជាច្រើនរូបនឹងឡើងមកអង្រួនបេះដូងអ្នកស្រឡាញ់គុនខ្មែរ និងមិនធ្វើឱ្យបងប្អូនអ្នកស្នេហាវិស័យកីឡាគុនខ្មែរខកបំណងឡើយ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២