វត្ថុបុរាណខ្មែរចំនួន១៤រូប នៅសារមន្ទីរ Metropolitan Museum (MET)ក្នុងទីក្រុងញូវយ៉កនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ

បន្ទាប់ពីការចរចាអស់ រយៈពេលជាច្រើនឆ្នាំ រវាងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក (SDNY), ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ(HSI) និងក្រុមការងារកម្ពុជា ជាមួយនឹងសារមន្ទីរ METវត្ថុបុរាណខ្មែរចំនួន ១៤រូប នៃសមុច្ច័យរបស់សារមន្ទីរ MET នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ។ តាមរយៈកិច្ចសហការ និងការចែករំលែកព័ត៌មានរវាងក្រុមការងារកម្ពុជា និងសមត្ថកិច្ចសហរដ្ឋ អាមេរិក សារមន្ទីរ MET បានផ្តល់ការសន្យាជាផ្លូវការមួយ ក្នុងការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណ ខ្មែរចំនួន១៤រូបនេះ, ការអនុញ្ញាតឱ្យមន្ត្រីជំនាញកម្ពុជា ធ្វើកោសល្យវិច្ច័យសម្បត្តិវប្បធម៌ខ្មែរដទៃទៀត និងការពិនិត្យសិក្សាឯកសារនានាពាក់ព័ន្ធនឹងសមុច្ច័យរបស់កម្ពុជា។ យើងសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផល ជំហានដំបូងក្នុងទិសដៅដ៏ត្រឹមត្រូវនេះ និងទន្ទឹងរង់ចាំនៃការវិលត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ បន្ថែមទៀត។នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងចំណោមវត្ថុទាំង១៤រូបដែលត្រូវបញ្ជូនមកកម្ពុជាវិញនេះ រួមមាន៖ស្នាដៃឯកមួយចំនួន ដូចជា រូបចម្លាក់ទេពស្រី (ព្រះនាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០ ដែលតាមភស្តុតាងពីសាក្សី ត្រូវបានលួចយក នៅឆ្នាំ១៩៩៧  ដោយប្រអប់ជើងជាប់ជាមួយជើងទម្របដិមានេះ បានរកឃើញតាមរយៈការធ្វើកំណាយ នៅឆ្នាំ២០២១ នៅក្នុងរមណីយដ្ឋានអតីតរាជធានីកោះកេរ, ព្រះកេសព្រះលោកសូរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី១០ ដែលដងខ្លួនបដិមាស្ថិតនៅសារមន្ទីរជាតិភ្នំពេញ និងបដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ដែលសារមន្ទីរ MET បានទិញពីលោក ឌូគ្លីស ឡាដហ្វដ (Douglas Latchford) នៅឆ្នាំ១៩៩២។

 

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា “ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ជាតិរបស់យើងពីសារមន្ទីរ MET គឺមានសារៈ សំខាន់បំផុត មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែរ ការបញ្ជូនត្រឡប់មកវិញនេះ គឺមានអត្ថន័យធំធេងបំផុតមិនអាចពណ៌នាបាន ដែលជាការព្យាបាលរបួស ផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា។ វត្ថុបុរាណខ្មែរជាច្រើនទៀតកំពុងសិ្ថតនៅសារមន្ទីរ MET ហើយយើងរំពឹងថា វត្ថុទាំងនោះនឹងវិលត្រឡប់មកកម្ពុជាវិញ។ យើងសូមឲ្យសារមន្ទីរ និងអ្នកកាន់កាប់សមុច្ច័យឯកជនដទៃទៀត ធ្វើការទាក់ទងមកយើងខ្ញុំ ដើម្បីពិភាក្សាពីសម្បត្តិវប្បធម៌ខ្មែរដែលពួកគេមាន”។

 

លោកជំទាវបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមទៀតថា “ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិ វប្បធម៌ជាតិនេះ បង្ហាញជាថ្មីម្តងទៀតនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំយកមកវិញ នូវដួងព្រលឹងដូនតារបស់យើង ដែលបានឃ្លាតចាកឆ្ងាញពីដែនដីកំណើតរបស់ខ្លួន។ នាងខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងបាននាំមកនូវសន្តិភាពជូនកម្ពុជា តាមរយៈនយោបាយ ឈ្នះ-ឈ្នះ និងសូមស្វាគមន៍ការវិលត្រឡប់មកវិញនៃព្រលឹងដូនតា ដែលជាមង្គល របស់ជាតិ ក៏ដូចជាការប្រោះព្រំប្រសិទ្ធពរជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី របស់យើង”៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២