តុលាការចេញដីកាបញ្ជាឱ្យម្ចាស់រថយន្ត​ Jeep overland ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2CB-9963 ដែលបើកបុកគេស្លាប់កាលពីប៉ុន្មានថ្ងៃមុនឱ្យចូលបង្ហាញខ្លួន ឱ្យបានមុនថ្ងៃទី០៩ ខែមករាខាងមុខនេះ

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា “ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។

ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ខ្ញុំនឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត។ ”

សូមជម្រាបថា  រថយន្ត​ Jeep overland ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2CB-9963 បើកបុក​ជនរងគ្រោះ​ ជិះម៉ូតូ​បណ្ដាលឱ្យ​ស្លាប់​នៅ​ ខណ្ឌ​ទួលគោក​ ​កាល​ពី​យប់​ថ្ងៃ​ទី​ ១៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២៣​ ម្ចាស់​រថយន្ត​ឈ្មោះ​ សុខ​ លីណា​ ជា​ប្រពន្ធ​លោក​មេធាវី​ ព្រហ្ម​ វិចិត្រ​សុភា​ មាន​ទីលំនៅ​ផ្ទះ​លេខ​ ៥២ដេ​ ផ្លូវលេខ​ ៦៣​ ភូមិ​ ១៣​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។  ចំពោះ​អ្នក​បើកបររថយន្ត​បុកគេស្លាប់នេះ​ ត្រូវបាន​គេ​សង្ស័យថា​ ជា​កូនប្រុស​ លោកស្រី​ សុខ​ លីណា​ ព្រោះតាម​ ឯកសារ​ដែល​សមត្ថកិច្ច​រកឃើញ​ក្នុង​រថយន្ដ​មានឈ្មោះ​ ព្រហ្ម​ វិចិត្រ​សុសក្ដា​ ធ្វើការនៅ​អគ្គ​នាយកដ្ឋាន​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ៕

     

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២