បុរសម្នាក់បើកម៉ូតូវ៉ាមិនប្រយ័ត្នទាក់ដៃចង្កូតជាមួយរថយន្តដួលចូលក្រោមកង់រថយន្តកុងតឺន័រត្រូវរថយន្តកិនក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើកម៉ូតូមួយគ្រឿងទាក់ដៃចង្លូតជាមួយរថយន្តមួយគ្រឿងបណ្តាលឱ្យដួលចូលក្រោមកង់រថយន្តកុងតឺន័រកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ២០១១ នៅក្បែរផ្សារទំនើបឡាក់គី ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ រៀម ស៊ីណែត អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅម្ដុំផ្សារបឹងបៃតង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅឯខេត្តសៀមរាប។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូម៉ាក​ យ៉ាម៉ាហា​ ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1HE-2699ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០១១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានវ៉ារថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌បៃតងលាយស​ ពាក់ស្លាកលេខភ្នំពេញ3D-0559 បើកស្របទិសដៅគ្នា មិនផុតក៏បានវ៉ាក់អឺនឹងរថយន្តហាយលែនឌ័រមួយគ្រឿងមិនចាំស្លាកលេខបើកបរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង​បណ្ដាលឲ្យទាក់ដៃចង្កូតម៉ូតូជាមួយរថយន្តហើយដួលខ្ទៀតចូលកង់រថយន្តខាងឆ្វេង កិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ។ ចំណែករថយន្តកុងតឺន័រមិនបានឈប់នោះទេ ដោយបានព្យាយាមបើករត់រហូតមកដល់ផ្លូវរថភ្លើងចំណុចក្បែរនឹងរោងចក្រ(C7)ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់បានរថយន្ត ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។

​   

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ។​ ចំណែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២