ត្រៀមអាវរងារបងប្អូននៅតាមតំបន់វាលទំនាប និងតំបន់ខ្ពង់រាប អាកាសធាតុនឹងចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូនេះ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹក ក្នុងនោះមានតំបន់មួយចំនួននឹងចុះត្រជាក់ខ្លាំង៖

១-តំបន់វាលទំនាប៖មានសីតុណ្ហភាពអប្បបរមាចន្លោះពី១៦-២២°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី។ដោយឡែកសម្រាប់ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាបមានសីតុណ្ហភាពអប្បបរមាពី១៦-១៨°C។

២-តំបន់ខ្ពង់រាប ៖មានសីតុណ្ហភាពអប្បបរមាចន្លោះពី១៥-២១°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៦-៨ម៉ែត្រ/វិនាទី។ជាមួយគ្នានេះខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី មានសីតុណ្ហភាពអប្បបរមាពី១៥-១៧°C។

៣-តំបន់មាត់សមុទ្រ៖មានសីតុណ្ហភាពអប្បបរមាចន្លោះពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់ពី១,០០-២,០០ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺតម្កាត់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

ដោយ ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២