នារីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារបើកម៉ូតូទាក់ខ្សែភ្លើងធ្លាក់កាត់ទទឹងផ្លូវ

ភ្នំពេញ ៖ នារីម្នាក់បានបើកម៉ូតូតាមផ្លូវមិនប្រយ័ត្នបានទាក់ជាមួយខ្សែភ្លើង ដែលធ្លាក់កាត់ទទឹងផ្លូវបណ្តាលឱ្យដួលម៉ូតូបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៥ និង៥០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្បែរហ្គ្រែនភ្នំពេញក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ រស់ សុខកញ្ញា អាយុ៣០ឆ្នាំ រស់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះបានបើកម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AK-8487 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុខាងលើជិតច្រកបត់ចូលហ្គ្រែនភ្នំពេញ ស្រាប់តែមានខ្សែភ្លើងមួយខ្សែបានធ្លាក់មកកាត់ទទឹកផ្លូវ ធ្វើឲ្យនារីរងគ្រោះជិះទាក់បណ្តាលឲ្យដួលបោកក្បាលនៅហ្នឹងផ្លូវស្លាប់ភ្លាមៗ ពេលនោះដែរប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ក៏បានទាក់ទងទៅមន្ត្រីសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

 

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុក។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

  

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២