ក្រសួងមហាផ្ទៃចេញលិខិតបង្គាប់ការ​ចាត់​តាំង​ក្រុមការងារចុះទៅសិក្សាស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃលើ​ការអនុវត្ត និងភារកិច្ច​របស់រដ្ឋបាលខេត្តបន្ទាយ​មានជ័យ  

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់​ការ​ចាត់​តាំង​ថ្នាក់ដឹកនាំ នៃមន្ត្រីរាជការចំនួន ១០រូប នៃក្រសួងមហាផ្ទៃឲ្យចុះទៅបំពេញ​បេសកកម្មនៅខេត្តបន្ទាយ​មានជ័យ ដើម្បីចុះ​សិក្សាស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃលើ​ការអនុវត្ត និងភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយ​មានជ័យ រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។ នេះ​បើយោងតាមលិខិត​បង្គាប់ការចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ។

លិខិត​បង្គាប់ការនេះ ចុះហត្ថលេខាដោយលោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិ​ការក្រសួងមហាផ្ទៃ។ បើតាមលិខិតបង្គាប់ការនោះបានឲ្យដឹងថា ក្រុមការងារនឹងជួបសម្ភាសន៍ជាមួយប្រធាន​ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ , លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ , អភិបាលរងខេត្តចំនួន ១០រូប , សមាជិកក្រុម​ប្រឹក្សាខេត្ត , ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងអភិបាលក្រុងប៉ោយប៉ែត រួមទាំងមន្ត្រីពាក់ព័ន្ធ​មួយចំនួនទៀត។

គួបញ្ជាក់ផងដែរថា ការចេញលិខិតបង្គាប់​ការ​របស់ក្រសួងមហាផ្ទៃឲ្យមន្ត្រីរបស់ខ្លួនចុះទៅ​ធ្វើការសិក្សាស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃលើ​ការអនុវត្ត និងភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយ​មានជ័យនេះគឺធ្វើឡើងបន្ទាប់ពីមានបែកធ្លាយសារសម្លេងរបស់លោក សាន ស៊ានហូ​ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ដែលបានធ្វើការវាយប្រហារទៅលើ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប៉ុន្តែបន្ទាប់មកលោកបានសរសេរលិខិតសុំទោសវិញ៕

  

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២