ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:សហការជាមួយអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីសិទ្ធិអ្នកនិពន្ធទាក់ទង និងសិទ្ធិជនមានពិការភាព និងសន្ធិសញ្ញាក្រុងម៉ារ៉ាកេស

ភ្នំពេញ៖ ពិធីបើកអង្គសិក្ខាសាលាថ្នាក់ជាតិស្តីពីសិទ្ធិអ្នកនិពន្ធទាក់ទងនឹងសិទ្ធិជនមានពិការភាព និងសន្ធិសញ្ញាក្រុងម៉ារ៉ាកេស ត្រូវបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកស្រី អាលីហ្សា ឆាកឃឺ តំណាងអង្គការ UNDP ប្រចាំកម្ពុជា។

អង្គសិក្ខាសាលាខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីរាជការមកពីបណ្តាអន្តរក្រសួង អង្គការ សមាគមសកម្មភាពជនពិការនិងមន្រ្តីជំនាញសរុបប្រមាណជាង១០០នាក់។ ថ្លែងក្នុងអង្គពិធីក្នុងនាមលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា គោលបំណងនៃអង្គសិក្ខាសាលានេះមានទិសដៅចម្បងសំខាន់ៗរួមមាន៖ ១-ផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធអំពីអត្ថប្រយោជន៍ និងបញ្ហាប្រឈមនៃការចូលជាភាគីលើសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេស(Marrakesh) ដែលមានគោលបំណងជួយសម្រួលដល់ការទទួលបាន ស្នាដៃបោះពុម្ពផ្សាយសម្រាប់ជនពិការភ្នែក ជនកម្សោយគំហើញ ឬជនដទៃទៀតដែលមានពិការភាពពិបាកអានលើឯកសារបោះពុម្ព។  ២-ប្រមូលមតិយោបល់និងអនុសាសន៍ពីអ្នកចូលរួមអំពីរបៀបដោះស្រាយឧបសគ្គផ្នែកច្បាប់ បច្ចេកទេស និងស្ថាប័នចំពោះការចូលជាភាគីនិងការអនុវត្តសន្ធិសញ្ញា។ ៣-បង្កើតសកម្មភាពបន្តស្តីពីការចូលជាភាគីសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេសនាពេលខាងមុខ។

ឯកឧត្តមបានថ្លែងបន្តថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងបន្តជំរុញការងារចូលជាភាគីនៃសន្ធិសញ្ញាផ្នែកសិទ្ធិអ្នកនិពន្ធដែលនៅសេសសល់អោយកាន់តែឆាប់រហ័សស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាល ក៏ដូចជាផែនការយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាអាស៊ាន២០១៦-២០២៥ ជាពិសេសថ្មីៗនេះការអនុម័តពីរាជរដ្ឋាភិបាលលើគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា២០២៤-២០២៨ ដែលបានកំណត់ដាក់ចេញ ផែនការក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗលើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនិងតម្រូវការរបស់ប្រជាជន ក៏ដូចជាថ្នាក់តំបន់និងអន្តរជាតិផងដែរ៕

 

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២