ឯកឧត្តម ហេង សួរថា រាជរដ្ឋាភិបាលមានឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកខុសច្បាប់ និងការពារសិទ្ធិពលករខ្មែរនៅបរទេស

(ភ្នំពេញ)៖រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និងលើកកម្ពស់ និងការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅបរទេស។នេះជាការថ្លែងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។

ឯកឧត្តម  ហេង សួរ បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តក្នុងការកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់តាមរយៈយន្តការផ្តល់ភាពងាយស្រួល មិនស្មុគស្មាញចំពោះពលករ និងការផ្តល់អន្ថប្រយោជន៍ខ្ពស់តាមរយៈការធ្វើចំណាកស្រុកដោយស្របច្បាប់។ ហើយរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារជាសេនាធិការ បានពង្រាយ និងពង្រីកជាបន្តបន្ទាប់នូវអនុពន្ធការងារនៅតាមបណ្តាប្រទេសគោលដៅដែលពលករកម្ពុជាកំពុងមានវត្តមានដើម្បីដោះស្រាយបញ្ហា និងការពារសិទ្ធិជូនពលករក្នុងករណីមានការរំលោភបំពាន។ ទាំងនេះ គឺសុទ្ធសឹងតែជាការបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលដែលមិនព្រងើយកន្តើយចំពោះពលករកម្ពុជានៅបរទេសឡើយ។

ក្រៅពីកិច្ចគាំពារ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារ បានរៀបចំពិធីសាសនាផ្សេងៗដូចជាបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ និងពិធីបុណ្យផ្សេងទៀត នៅតាមបណ្តាប្រទេសគោលដៅដើម្បីផ្តល់ភាពកក់ក្តៅជូនពលករដែលនៅឆ្ងាយពីស្រុកកំណើត ហើយព្រឹត្តិការណ៍ទាំងនេះ ក៏នឹងបន្តរៀបចំបន្ថែមទៀតផងដែរ។ ហើយនៅក្នុងអាណ្តតិទី៧នេះ ផ្នែកទេសន្តរប្រវេសន៍ បានក្លាយជាកម្មវិធីដ៏សំខាន់ និងជាអាទិភាពសម្រាប់ក្រសួងក្នុងការយកចិត្តទុកដាក់ដើម្បីលើកកម្ពស់ និងគាំពារសិទ្ធិពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏ដូចជាជនបរទេសដែលធ្វើការនៅកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមសហការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាល ក៏ដូចជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានក្រមសីលធម៌ និងមនសិកាវិជ្ជាជីវ:ដើម្បីរួមគ្នាសម្រេចបាននូវគោលដៅរួមដែលចង់បានការលើកកម្ពស់ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់នានាជូនពលករទេសន្តរប្រវេសន៍៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២