បើករថយន្តលឿនដូចហោះទៅបុកម៉ូតូពីក្រោយផ្លោងទៅផ្ទប់ដើមឈើ​ បណ្ដាលឱ្យម្តាយ និងកូនអាយុ២ខួបស្លាប់នៅនឹងកន្លែង និង​បុរសជាប្តីរងរបួសធ្ងន់

ភ្នំពេញ​ ៖​ ស្រ្តីជាម្តាយ និងកូនតូចអាយុ២ខួបម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកបុរសជាប្តីបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ​ បន្ទាប់ពីពួកគាត់បានជិះម៉ូតូឌុបគ្នាចេញពីហូបស៊ុបក្នុងហាងមួយកន្លែងត្រូវរថយន្តបើកលឿនដូចហោះមកបុកពីក្រោយម៉ូតូពេញទំហឹងបណ្តាលឱ្យផ្លោងទៅផ្ទប់នឹងដើមឈើ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១២និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ចំណុចក្បែរវត្តភ្នំតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្តិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពស្រ្តីជាប្រពន្ធមានឈ្មោះ គ្រួច សាមឹត អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំចំការដូង ក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរ មានស្រុកកំណើតនៅភូមិដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង(ប្រពន្ធស្លាប់)ចំណែកប្តីមានឈ្មោះ យឿន យុន អាយុ២៣ឆ្នាំ មុខរបជាកម្មករប្រមូលសំរាម រស់នៅបន្ទប់ជួលជាមួយប្រពន្ធ (ប្តីរងរបួសធ្ងន់) រីឯកូនទើបតែអាយុ២ខួបបានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ។

​ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញប្តីប្រពន្ធរួមទាំងកូនតូចអាយុទើបតែ២ខួបបានជិះម៉ូតូម៉ាក ZUZAKI NEX ពណ៌ស​ ពាក់ស្លាកលេខ ព្រៃវែង 1Q-7635 ជិះឌុបគ្នាចេញពីហាងស៊ុបមួយកន្លែងតាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ​ ទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម ខណៈបើកមកដល់ចំនុចកើតហេតុទល់មុខនឹងសណ្ឋាគារ LCS  ស្រាប់តែគេឃើញមានរថយន្តម៉ាក HUM MER ពណ៌ខ្មៅមិនចាំស្លាកលេខ ធ្វើដំណើរមកពីក្រោយតាមបណ្តោយផ្លូវព្រះស៊ីសុវត្តិក្នុងទិសដៅស្របគ្នាពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនរួចបានជ្រុលទៅបុកម៉ូតូពីក្រោយម៉ូតូពេញទំហឹងផ្លោងទាំងម៉ូតូ និងជនរងគ្រោះទៅបោកផ្ទប់នឹងដើមឈើរមួយដើមបណ្តាលឲ្យស្រ្តីជាប្រពន្ធបានស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកឯកូនតូចអាយុ២ខួបជាង រួមនឹងបុរសជាប្តីបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែងដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ តែជាអកុសលដោយស្ថានភាពក្មេងធ្ងន់ធ្ងរពេកក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្ដង​ ។ ចំណែកបុរសជាឪពុកកំពុងតែសង្គ្រោះបន្ទាន់។​ ក្នុងហេតុការណ៍នេះរថយន្តបង្កបានបន្ថែមល្បឿនបើកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

​   

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន​ ។ រីឯសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ។ ចំណែករថយន្តបង្កវិញ​ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីតាមឃាត់អ្នកបើករថយន្តបង្កយកមកចាត់ការបន្តតាមនីតិវិធី៕

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២