រន្ធត់ខ្លាំង! រថយន្តមួយគ្រឿងបើកលឿនពេកជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយពេញទំហឹង ហើយផ្លោងទៅបុកផ្ទប់បង្គោលភ្លើងបាក់អស់មួយដើម បណ្តាលឱ្យបុរសជាប្តីស្លាប់  ចំណែកប្រពន្ធ និងកូនតូច៣នាក់ទៀតរងរបួសធ្ងន់​

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តលឿនបានជ្រុលចង្កូតទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹង​ប៉ើងទៅបោកផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម​ បណ្តាលឱ្យបុរសម្នាក់ម្ចាស់រ៉ឺម៉កខ្ទាតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្លាប់ភ្លាមៗ​។ ចំណែកម្តាយ និងកូនតូចប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់ស្រាល ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ​ ។

​សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ មានឈ្មោះ មាស សុភ័ណ្ឌ អាយុ៣៥ឆ្នាំ (ជាឪពុកស្លាប់)រស់នៅភូមិតាហេវក្រោម ឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។ ទី២.ឈ្មោះ សុំ ស៊ីសារ៉ា អាយុ ៣៧ឆ្នាំ រស់នៅភូមិឃុំខាងលើ(ម្តាយរបួសស្រាល)​ ទី៣.ឈ្មោះ មាស សុភត្រា អាយុ ១១ឆ្នាំ ភេទប្រុស (របួសធ្ងន់)​ ទី៤- ឈ្មោះ មាស សុភក្រ័និត្យ អាយុ៣ខួប ភេទប្រុស(របួសស្រាល)​ និងទី៥- ឈ្មោះ មាស សុភក្រ័ណានិមល អាយុ ១១ខែ ភេទស្រី(របួសស្រាល)។ក្នុងចំណោមក្មេងរងគ្រោះទាំង៣នាក់ មានម្នាក់រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

ប្រភពដដែលបានឱ្យដឹងទៀតថា មុនពេលកើតហេតុ​ ក្រុមគ្រួសារជនរងគ្រោះបានបើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងមិនមានស្លាកលេខ មកឈប់ចតនៅលើចិញ្ចើមផ្លូវជាតិលេខ៤​ ខណៈជនរងគ្រោះនៅលើម៉ូតូសណ្ដោងរ៉ឺម៉កទាំងអស់ ពេលនោះស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ស្តារិច​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2AA-1815បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវជាតិលេខ៤ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន​ ពេលមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅខាងស្ដាំដៃជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹង​ និងផ្លោងទៅមុខជាច្រើនម៉ែត្របោកផ្ទប់នឹងបង្គោលភ្លើងបាក់អស់មួយដើម បណ្ដាលឲ្យបុរសជាឪពុកបានធ្លាក់ចូលក្នុងប្រឡាយទឹកស្លាប់។ រីឯស្រ្តីជាប្រពន្ធ និងកូនតូចប្រុសស្រី៣នាក់ទៀតបានរងរបួសធ្ងន់ស្រាលដេកដួលនៅនឹងកន្លែង ។

​     

បន្ទាប់ពីកើតហេតុប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ចុះជួយសង្គ្រោះ​ និងរាយការណ៍ទៅខាងក្រុមសង្គ្រោះបន្ទាន់៧១១ឲ្យចេញរថយន្តមកជួយអន្តរាគមន៍សង្គ្រោះ​ និងមានសមត្ថកិច្ចមូលដ្ឋានមកសហការជាមួយ​ ព្រមទាំងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់វាស់វែងធ្វើកំណត់ហេតុយករថយន្ត និងម៉ូតូសណ្ដោងរ៉ែម៉ករបស់ជនរងគ្រោះទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ​ ។ចំណែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត​ ៕​

 

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២