យ៉ាងហោចណាស់មនុស្សចំនួន ៧០នាក់ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមអាកាសរបស់យោធាអ៊ីស្រាអែលទៅលើជំរុំជនភៀសខ្លួននៅតំបន់ GAZA

ការវាយប្រហារតាមអាកាសរបស់យោធាអ៊ីស្រាអែលទៅលើជំរុំជនភៀសខ្លួន Al-Maghazi នៅកណ្តាលតំបន់ហ្គាហ្សាបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន 70 នាក់។ នេះបើតាមអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះ។

Ashraf al-Qudra អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលតំបន់ GAZA បាននិយាយថា អ្វីដែលកំពុងកើតឡើងនៅជំរុំ Maghazi គឺជា ការសម្លាប់រង្គាល ដែលត្រូវបានប្រព្រឹត្តនៅលើប្លុកលំនៅដ្ឋាន ដែលមានហ្វូងមនុស្សច្រើន។ហើយចំនួន​អ្នក​ស្លាប់​ទំនង​ជា​កើន​ឡើង​ដោយ​សារ​ចំនួន​គ្រួសារ​រស់​នៅ​ទីនោះ​ច្រើន។

អ៊ីស្រាអែលបានវាយលុកតំបន់GAZAស្ទ្រីប ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់ប៉ាឡេស្ទីនកាលពីថ្ងៃទី 7 ខែតុលា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 20,424 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ និង 54,036 នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់។ហើយជនជាតិអ៊ីស្រាអែលប្រហែលជា 1,200 នាក់ដែលគេជឿថា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស។

ការវាយលុករបស់អ៊ីស្រាអែលបានធ្វើឱ្យតំបន់ GAZAស្ទ្រីប ស្ថិតក្នុងការបំផ្លិចបំផ្លាញ ដោយពាក់កណ្តាលនៃផ្ទះសម្បែងរបស់តំបន់ឆ្នេរបានរងការខូចខាត ឬបំផ្លាញ ហើយមនុស្សជិត 2 លាននាក់ត្រូវផ្លាស់ទីលំនៅនៅក្នុងរង្វង់ដែលមានប្រជាជនយ៉ាងច្រើនចំពេលមានការខ្វះខាតស្បៀងអាហារ និងទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២