ចៀសវាងការរិះគន់​ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ​ហាមមិនឱ្យមន្ត្រីប៉ូលីសចរាចរណ៍ស្លៀកពាក់ស៊ីវិល ហើយប្រើវិទ្យុទាក់ទង ដើម្បីស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់នោះទេ

ភ្នំពេញ ៖​ ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ថា ហាមចំពោះមន្ត្រីប៉ូលីសចរាចរណ៍មិនត្រូវស្លៀកពាក់ស៊ីវិលហើយប្រើវិទ្យុទាក់ទង ដើម្បីស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់ទេ ត្រូវតែប្រើប្រាស់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ចៀសវាងឲ្យបានពីការរិះគន់នៃការអនុវត្តច្បាប់ចរារណ៍នេះ។​ ការបញ្ជាក់បែបនេះ​ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

​ ឯកឧត្តម​បានបន្តថា​  កម្លាំងមានសមត្ថកិច្ចចរាចរណ៍ មិនមែនអនុវត្តការងារលើតែបញ្ហាចរាចរណ៍នោះទេ តែត្រូវសហការគ្នាក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពោលគឺធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានសុវត្ថិភាព។​

ឯកឧត្តមអភិបារាជធានីភ្នំពេញបានបន្តទៀតថា​ សមត្ថកិច្ចទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ចរារចរណ៍ផ្លូវគោកទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ហើយថា សម្តេចជាខ្នងបង្អែករបស់កងកម្លាំងយើង ក្នុងការអនុវត្តច្បាប់ ។ ត្រូវធ្វើឲ្យបានត្រឹមត្រូវតាមច្បាប់ ប្រកបដោយឧត្ដមភាព៕

   

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២