ក្រសួងព័ត៌មានបើកកិច្ចប្រជុំរៀបចំមហោស្រព តន្ត្រី និងចម្រៀងកុមារ ពានរង្វាន់របស់ក្រសួងសម្រាប់ឆ្នាំ២០២៤

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហោស្រព តន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។

កិច្ចប្រជុំនេះបានស្តាប់ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្តីពីការរៀបចំមហោស្រពដ៏មានសារៈសំខាន់នេះ សម្រាប់ជាផ្នែកមួយក្នុងឈានទៅអបអរការប្រារព្ធទិវាកុមារអន្តរជាតិ ឆ្នាំ២០២៤ ។

 

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជម្រុញដល់គណៈកម្មការរៀបចំត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីអោយសាធារណជន និងបណ្តាអង្គការជាតិ អន្តរជាតិ ក្រុមហ៊ុន សហគ្រាស និងម្ចាស់ឧបត្តម្ភកម្មវិធីនានា បានទទួលព័ត៌មាន និងយល់ពីតម្លៃនៃការរៀបចំមហោស្រពនេះ ក្នុងការចូលរួមសហការគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសំភារៈ ។

គោលបំណងនៃការរៀបចំមហោស្រពគឺដើម្បី លើកកម្ពស់ការចូលរួមរបស់កុមារកម្ពុជាក្នុងការបង្ហាញសមត្ថភាពពិតរបស់ពួកគេ ដោយតាមរយៈមហោស្រព វាជាឱកាសមួយលើកទឹកចិត្តដល់កុមារកម្ពុជាយើងក្នុងការបញ្ចញនូវភាពអង់អាចក្លាហាន ទេពកោសល្យ និងស្នាដៃ សម្រាប់ផ្តល់ជាគំរូល្អដល់កុមារដទៃទៀត ដែលសុទ្ធសឹងជាទំពាំងស្នងឫស្សី ក្នុងការចូលរួមក្នុងសកម្មភាពសង្គមយើង។ រាល់ការបញ្ចញសមត្ថភាពច្រៀង និងសម្តែង សម្រាប់ការប្រកួតប្រជែងយកជ័យលាភីក៏ពិតមែន ប៉ុន្តែ សុទ្ធសឹងមានភ្ជាប់ជាមួយនូវអត្ថន័យ និងគោលបំណងអប់រំ ការបណ្តុះគំនិតនិងសីលធម៌ល្អសម្រាប់កុមារកម្ពុជា ជាពិសេសដើម្បីលើកកម្ពស់៖ សិទ្ធិរបស់កុមារ  ការលុបបំបាត់អំពើកេងប្រវ័ញ្ចលើកុមារ  ការលុបបំបាត់ការសេពគ្រឿងញៀន  ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ តម្លៃនៃចំណេះវិជ្ជា សុជីវធម៌និងការរស់នៅក្នុងសង្គម តួយ៉ាង ការគោរពឪពុក ម្តាយ ចាស់ទុំ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូអ្នកគ្រូ និងសហគមន៍ដែលនៅជុំវិញខ្លួន ។ ការរៀបចំកម្មវិធីនេះឡើងក៏មានគោលបំណងបណ្តុះស្មារតីឲ្យកុមារតូចៗស្រលាញ់សិល្បៈ ស្រលាញ់វប្បធម៌ ស្រលាញ់ជាតិ តាំងពីវ័យក្មេង។

គួររំលឹកផងដែរថា ការប្រឡងតន្ត្រី និងចម្រៀងកុមារបានប្រារព្ធ ធ្វើឡើងចាប់ពីពាក់កណ្តាលទសវត្សឆ្នាំ ១៩៨០ ដោយទូរទស្សន៍ជាតិកម្ពុជា ។ ក្រោយមក មហោស្រពតន្ត្រី និងចម្រៀង កុមារ ត្រូវបានរៀបចំដោយក្រសួងព័ត៌មាន និងក្នុងក្របខណ្ឌនៃការសហការជាមួយ ក្រសួងពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជននានា ។

គណៈកម្មការរៀបចំមហោស្រព តន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន នឹងរៀបចំកិច្ចប្រជុំបន្តទៀតដើម្បីពិភាក្សា និងកសាងផែនការលម្អិតសំដៅធ្វើឲ្យ ការរៀបចំមហោស្រពនឹងប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពនិងទទួលបានជោគជ័យ គាំទ្រដល់គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២