សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ “ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់យើងទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំ គោលនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ”

ភ្នំពេញ៖ សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់យើង ហើយបើយើងមិនមានទិន្នន័យ យើងច្បាស់ជាស្ថិតក្នុងស្ថានភាពវង្វេងផ្លូវ ។ ជាមួយនឹងទិន្នន័យច្បាស់លាស់ គឺជួយយើងឱ្យសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ហើយក៏ជាមូលដ្ឋានក្នុងការព្យាករណ៍អំពីការប្រែប្រួលក្នុងពេលអនាគត សំដៅឈានទៅកំណត់អំពីទិសដៅ សកម្មភាព និងគោលនយោបាយនានា ដោយមិនប្រថុយប្រថាន និងអាចសម្រេចបានលទ្ធផលខ្ពស់ ។ការបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្តេចធិបតី បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទិន្នន័យ និងព័ត៌មានអំពីអង្គភាពសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវប្រើប្រាស់ជាធាតុចូលយ៉ាងសំខាន់ និង ច្បាស់លាស់ សម្រាប់ការរៀបចំគោលនយោបាយនានារបស់ជាតិ ឱ្យមានលក្ខណៈមុតស្រួច និងផ្អែកលើភស្តុតាងត្រឹមត្រូវដើម្បីឱ្យគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ ត្រូវបានអនុវត្តដោយជោគជ័យ និងចំគោលដៅ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ដោយហេតុថា ទិន្នន័យ និងស្ថិតិដើរតួនាទីសំខាន់នៅក្នុងគ្រប់ទិដ្ឋភាព សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ ដើម្បីជាការតម្រង់ទិសដៅការងាររបស់ក្រសួងផែនការ ដូចខាងក្រោម ៖

ទី១. សូមស្នើឱ្យក្រសួងផែនការប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះ ឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ  ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន និងសូមលើកទឹកចិត្តឱ្យផ្សព្វផ្សាយលទ្ធផលទាំងនេះ ឱ្យបានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។

 

ទី២. ក្រសួងផែនការដែលមានវិទ្យាស្ថានជាតិស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ការងារជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឱ្យបាននូវការប្រមូលទិន្នន័យ ដែលមានលក្ខណៈជាតំណាងពិតប្រាកដ នៃបញ្ហា ដែលចង់សិក្សាស្វែងយល់ ដើម្បីជាប្រយោជន៍ និង ធាតុចូលសម្រាប់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ដើម្បីធានាបាននូវភាពតំណាងល្អ, សំណាកគំរូ ត្រូវរៀបចំឱ្យបានល្អតាមលក្ខណៈវិទ្យាសាស្ត្រស្ថិតិ ដោយប្រើប្រាស់វិធីសាស្ត្រសំណាកគំរូសមស្រប ។

ទី៣. ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយនឹងក្រសួងផែនការ ក្នុងការធ្វើជំរឿន និងការអង្កេតចាំបាច់នានា ដោយហេតុថា៖ ក្រសួងផែនការ គឺជាស្ថាប័នរដ្ឋ ដែលមានជំនាញបច្ចេកទេសខ្ពស់ទទួលបន្ទុកលើការងារប្រមូលទិន្នន័យ  ដើម្បីលើកកម្ពស់ការងារជំរឿនសង្គម-សេដ្ឋកិច្ចជារួម ក៏ដូចជាដើម្បីជាធាតុចូលសម្រាប់គ្រប់ក្រសួង-ស្ថាប័ន យកទៅអនុវត្តការងាររៀងៗខ្លួន ។

 

ទី៤.  ក្រសួងផែនការ ត្រូវបន្តបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនជាប្រចាំជាប់មិនដាច់ សម្រាប់ការងារអង្កេត និងជំរឿនចាំបាច់នានា ព្រមទាំងការងារប្រែក្លាយទិន្នន័យ ឱ្យទៅជាព័ត៌មានគ្រប់គ្រាន់សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ។

ទី៥. ក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរធនធានមនុស្ស ដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និងការវិភាគស្ថិតិ ទាំងក្នុងស្រុក និងពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង ។ ជាមួយគ្នានេះ, ការធ្វើវិភាជន៍ឡើងវិញ នៃធនធានមនុស្សដែលមានស្រាប់ ឱ្យចំជំនាញ ឬក្បែរជំនាញឯកទេស នឹងជួយបង្កើនប្រសិទ្ធភាព និងផលិតភាពការងារ ។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរ អំពីភាពចាំបាច់នៃការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈ៖ ១/ ការរើសមន្ត្រីដោយសុក្រឹតភាព និងគុណាធិបតេយ្យ, ២/ ការកែទម្រង់ផ្ទៃក្នុង និង៣/ ការរៀបចំប្រព័ន្ធលើកទឹកចិត្តពីថ្នាក់កណ្តាល ដល់ថ្នាក់ក្រោម ទាំងមន្ត្រីក្របខ័ណ្ឌនយោបាយ និងមន្ត្រីទទួលបន្ទុកស្ថិតិ ហើយអ្វីដែលសំខាន់បំផុត គឺការវិនិយោគលើមនុស្ស ជាអាទិភាព ។

ទី៦. សូមស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការបណ្តុះបណ្តាលមន្ត្រីរបស់ខ្លួននូវចំណេះដឹងផ្នែកការប្រើប្រាស់ស្ថិតិ ដើម្បីធ្វើយ៉ាងណា ឱ្យមន្ត្រីមានសមត្ថភាពសមរម្យក្នុងការប្រើប្រាស់ស្ថិតិ និងរបកគំហើញ ពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនានា សម្រាប់ការងាររៀងៗខ្លួន ។

ទី៧. ស្នើឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពបែងចែកធនធានថវិកា សម្រាប់វិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើនមូលធនមនុស្ស ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងសម្រាប់វិនិយោគលើឧបករណ៍-បរិក្ខារបច្ចេកវិទ្យាសមស្របសម្រាប់ក្រសួងផែនការ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ ក្នុងវិស័យស្ថិតិឱ្យមានប្រសិទ្ធភាពខ្ពស់, មានគុណភាពល្អ និងរហ័សទាន់ពេល ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២