ឪពុកម្តាយយំសោកឡើងទន់ខ្លួន អាណិតកូនចេញពីសាលារៀនត្រូវរថយន្តបុកតាមផ្លូវពេលត្រឡប់ទៅផ្ទះវិញ

ភ្នំពេញ៖​ រថយន្តសណ្តោងមិនមានដឹកទូរកុងតឺន័ររបស់ផែស្ងួតសុកនបើកលឿនជ្រុលទៅបុកម៉ូតូសិស្សសាលាម្នាក់ពីក្រោយរួចកិនពីលើបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោងជិត១១ព្រឹក​ ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០២៣​ នៅចំណុចក្រោមស្ពានអាកាសឈ្នះឈ្នះ​ ស្ថិតក្នុងភូមិជម្ពូវ័ន២​ សង្កាត់ ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះព្រីង​  លៃហួយ​  អាយុ១៣​ ឆ្នាំ​ ជាសិស្ស​ស្នាក់នៅភូមិអូដឹម​ សង្កាត់ ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ចំណែកអ្នកបើកបររថយន្តឈ្មោះគាត​ គឿន​ អាយុ​២៧​ ឆ្នាំ​ ស្នាក់នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​  មុនពេលកើតហេតុគេបានឃើញជនរងគ្រោះបើកម៉ូតូម៉ាកហុងដាស្កូបពី​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1KL 7610 ធ្វើដំណើរ តាមបណ្តោយផ្លូវឈ្នះឈ្នះ​ ក្នុងទិសដៅពីត្បូងទៅជើងទើបនឹងចេញសាលារៀនបំណងទៅផ្ទះ​ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តសណ្តោង​របស់ក្រុមហ៊ុនផែស្ងូតសុកន​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3D 8479 ធ្វើដំណើរមកពីក្រោយលឿនជ្រុលទៅបុករួចកិនបណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ភ្លាមៗនោះអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចចរាចរណ៍នៅគោលដៅនោះឃាត់ខ្លួនបាន ហើយប្រគល់ទៅឱ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២